បណ្តាញសង្គម

ហឹ​ង្សា ព្រួត​ដេញ​វាយ​គ្នា ផ្អើល​ប្រជាពលរដ្ឋ ប្តឹង​សមត្ថកិច្ច​

ភ្នំពេញ៖ បុរសម្នាក់ ក្នុងចំណោមបួននាក់ ពេលចេញពីធ្វើការ ត្រូវបានក្មេងស្ទាវមួយក្រុម ដេញ វាយ រត់ជ្រុះស្បែកជើង។ ពេលត្រឡប់ទៅយកស្បែកវិញ ក៏ត្រូវភាគីមួយក្រុមទៀត វាយ បណ្ដាលឲ្យរងរបួសធ្ងន់។ ជនបង្ក បានរត់ចូលក្នុងផ្ទះបិទទ្វារបាត់ ក្រោយកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង ៥៥នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខធនាគារកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នាចំនួន ៤នាក់ ចេញមកពីធ្វើការ ហើយបាននាំគ្នាទៅទិញអីហូប។ តែពេលកំពុងតែដើរសុខៗ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម បានមកដេញវាយពួកខ្លួន ខណៈពេលភ្លាមៗ នោះភាគីខាងជនរងគ្រោះ បានយកដុំថ្មគប់តបតវិញ ហើយរត់ជ្រុះស្បែកជើង ធ្លាក់នៅមុខហាងលក់ដូរមួយកន្លែង។

ក្រុមជនរងគ្រោះ បន្តថា នៅពេលជនរងគ្រោះ បានចូលទៅយកស្បែកជើង ក៏ត្រូវបុគ្គលិក នៅក្នុងហាង ១៥០០ បានព្រួតវាយលើជនរងគ្រោះ បណ្ដាលអោយរយះដៃ។

ចំណែកឯភាគីបង្ក នៅក្នុងហាងខាងលើ បានបិទទ្វារ សំងំនៅក្នុងនោះ។ ខណៈពេលភ្លាមៗនោះ ប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចុះមកភ្លាមៗ តែមានតំណាងភាគីបង្ក ជាម្ចាស់ហាង បានចេញមុខដោះស្រាយភ្លាមៗ ដោយជួយចេញថ្លៃព្យាបាល ចំនួន ៣០០ដុល្លារ។

ក្រោយពេលកើតហេតុ កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បាននាំភាគីទាំងសង្ខាង ទៅធ្វើកិច្ចសន្យាបដិសេធបណ្តឹង ដើម្បីបញ្ចប់រឿង នៅប៉ុស្តិ៍នគរបាល៕

ដកស្រង់ពី៖កោះសន្តិភាព