បណ្តាញសង្គម

កម្លាំង​ចម្រុះ​ចុះ​ល្បាត​ព្រៃ​សហគមន៍ ចាប់​ឃាត់ខ្លួន​បុរស​០២​នាក់ កំពុង​អារឈើ

ខេត្តព្រះវិហារ ៖ កម្លាំងចម្រុះចុះល្បាតព្រៃសហគមន៍ បានប្រទះឃើញជនសង្ស័យ០២នាក់ កំពុងធ្វើសកម្មភាពអារឈើ ក៏ត្រូវឃាត់ខ្លួន ជាមួយមធ្យោបាយ ឧបករណ៍សម្ភារ ដែលប្រព្រឹត្តល្មើសលើធនធានធម្មជាតិជាក់ស្តែង បញ្ជូនមកចាត់ការតាមច្បាប់ ។

ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង០៩និង៤៥នាទីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ ជនសង្ស័យទី១ មានឈ្មោះ នុ សឹម ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិឆែបលិចឃុំឆែបមួយ ស្រុកឆែប និងជនសង្ស័យទី២ ឈ្មោះ ស្រី ស៊ា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ។

បើយោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានអោយដឹងថា កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប បានសហការជាមួយមន្ត្រីជំនាយរដ្ឋបាលព្រៃឈើឆែប និងគណៈកម្មការសហគមន៍ព្រៃឈើក្រសាំង ដោយចុះល្បាតព្រៃសហគមន៍ បានប្រទះឃើញជនជនសង្ស័យ០២នាក់ កំពុងធ្វើសកម្មភាពប្រមូលផល អនុផលព្រៃឈើ ដោយប្រើប្រាស់រណាយន្តចំនួន ០២គ្រឿង គោយន្តចំនួន ០២គ្រឿង គោយន្តទី១ ដឹកជញ្ជូនឈើអារប្រភេទផ្ចឹកចំនួន១៣សន្លឹក និងគោយន្តទី២ ដឹកជញ្ជូនឈើអារប្រភេទផ្ចឹកចំនួន ១៧សន្លឹក ។

កម្លាំងបានដកហូតគោយន្តកន្ត្រៃចំនួន០២គ្រឿង, រណាយន្តចំនួន០២គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ផងដែរ ។ បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យ ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ៕

ដកស្រង់ពី៖កោះសន្តិភាព