បណ្តាញសង្គម

ប្ដីបាញ់សម្លាប់ប្រពន្ធ ខឹងសុំរួមរស់ ជាមួយគ្នាវិញ មិនព្រម

 ស្ទឹងត្រែង ៖ អំពើឃាតកម្ម យ៉ាងសាហាវ មួយករណីទៀតហើយ នៅខេត្ដស្ទឹងត្រែង នោះគឺប្ដីបាញ់ សម្លាប់ភរិយា របស់ខ្លួន ចំនួន៣ គ្រាប់ បណ្ដាលឱ្យស្លាប់ នៅលើអង្រឹង ក្នុងតូបលក់ខោអាវ ផ្សារស្ទឹងត្រែង កាលពីវេលា ម៉ោង២ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥។

យោងតាម មន្ដ្រីនគរបាល ខេត្ដស្ទឹងត្រែង បានឱ្យដឹងថា មូលហេតុដែលនាំ ឱ្យប្ដីបាញ់ សម្លាប់ប្រពន្ធ ៣ គ្រាប់ បណ្ដាលឱ្យ ស្លាប់មួយរំពេច ដោយគ្មានស្ដាយ ស្រណោះនោះ គឺផ្ដើមចេញ ពីការសុំរស់នៅ ជាមួយគ្នាវិញ តែប្រពន្ធមិនព្រម ក្រោយពីពួកគេបាន បែកគ្នាអស់រយៈពេល មួយឆ្នាំមកនោះ ។

មន្ដ្រីនគរបាល បានបញ្ជាក់ទៀតថា ជនរងគ្រោះ ឈ្មោះ រស្មី ស្រីខួច អាយុ២២ឆ្នាំ ដោយឡែក ប្ដីមិនទាន់ត្រូវបាន បញ្ជាក់ពីអត្ដសញ្ញាណ នៅឡើយទេ ។ តាមការបញ្ជាក់ ពីសមត្ថកិច្ច ក្រោយពីបែកគ្នា អស់រយៈពេល១ឆ្នាំ មកនោះ ដោយមិនទាន់ដឹង មូលហេតុ ស្រាប់តែបុរសជាប្ដី បានមករកប្រពន្ធ របស់ខ្លួនវិញ ដោយចង់រួមរស់ នៅជាមួយគ្នា ដូចដើម

ប៉ុន្ដែ ស្ដ្រីជាភរិយា បានបដិសេធ និងមិនចង់រស់នៅ ជាមួយ ទើបធ្វើឱ្យ ជនសង្ស័យជាប្ដីនោះបាញ់ប្រហារ និងអាវុធខ្លី ចំនួន៣គ្រាប់ ខណៈដែលស្ដ្រីជាភរិយា កំពុងដេកលើអង្រឹង នៅតូបលក់ខោអាវ ក្នុងផ្សារស្ទឹងត្រែង ទីរួមខេត្ដ ស្ទឹងត្រែងតែម្ដង រួចហើយជនសង្ស័យ បានរត់គេចខ្លួនបាត់ ។

ក្រោយការបាញ់ប្រហារ ប្រពន្ធរបស់ខ្លួន រួចមក បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងប្រជាពលរដ្ឋ ទាំងអាជីវករ នៅក្នុងផ្សារ និងសមត្ថកិច្ចបាន ចុះទៅកាន់ កន្លែងកើតហេតុ ពិនិត្យ និងអន្ដរាគមន៍ ហើយតាមចាប់ខ្លួន បុរសជាប្ដី ។

បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ ដើមអម្ពិល