បណ្តាញសង្គម

ក្មេងប្រុស​៣នាក់​ លង់ទឹកស្រះស្លាប់ នៅស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស៣នាក់ ក្នុង២នាក់ ជាបងប្អូន បង្កើតនឹងគ្នា និងម្នាក់ទៀតជា បងប្អូនជីដូនមួយ ត្រូវគេប្រទះឃើញ ស្លាប់ក្នុងទឹកស្រះ ទាំង៣នាក់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ០៣ និង៣០នាទី រសៀល ថ្ងៃទី០៦ មីនា ២០១៥ ស្ថិតនៅភូមិទ្រលោកត្បូង ឃុំភ្នលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ ១-ឈ្មោះ ផាត សុភី អាយុ៧ឆ្នាំ ២- ផាត សុភិន អាយុ៤ឆ្នាំ ទាំង២នាក់នេះ ជាបងប្អូនបង្កើតនឹងគ្នា មានឪពុកឈ្មោះ ផន សុផាត អាយុ៣២ឆ្នាំ និងម្តាយឈ្មោះសោម ម៉ៅ អាយុ៣១ឆ្នាំ មានទីលំនៅក្នុង ភូមិកើតហេតុខាងលើ និងម្នាក់ទៀតជា បងប្អូនជីដូនមួយ ឈ្មោះ រុំ ពិសិដ្ឋ អាយុ៦ឆ្នាំ មានឪពុកឈ្មោះ សន ម៉ៅ អាយុ៤២ឆ្នាំ និងម្តាយឈ្មោះ ផន សុភាន់ អាយុ២៨ឆ្នាំ រស់នៅក្នុង ភូមិជាមួយគ្នា ។

ប្រភពបន្តថា តាមការរៀបរាប់ពី ស្ត្រីម្នាក់ឈ្មោះ ជិន សាលួត ភេទស្រី ដែលមានផ្ទះក្បែរ ស្រះបានឱ្យដឹងថា ដំបូងគាត់បានមក រែកទឹក ស្រាប់តែបានឃើញស្បែកជើង ៣គូ នៅជិតមាត់ស្រះ ដោយមានការសង្ស័យ ក្រែងមានក្មេង លង់ទឹកស្រះ ក៏បានស្រែកប្រាប់គេឯង ឲ្យជួយចុះរាវ ក៏ប្រទះឃើញ សពក្មេងម្នាក់ រួចរាវបន្តទៀត ក៏ឃើញសពក្មេង ចំនួន២ថែមទៀត ទើបមានការ ភ្ញាក់ផ្អើលឡើង ។ បើតាមការរៀបរាប់ ពីឪពុកម្តាយ បាននិយាយថា ពួកគាត់បានបាត់ កូនៗរបស់គាត់ តាំងពីម៉ោង០២ និង៤០នាទី រសៀល ដោយមិននឹកស្មានថា កូនៗរបស់គាត់ មកលេងក្បែរ ទឹកស្រះនោះទេ ។

បើតាមការពិនិត្យ និងធ្វើកោសល្យវិច័យ ដែលមានមន្ត្រីន គរបាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រគ្រូពេទ្យ និងអាជ្ញាមូលដ្ឋាន បាននិយាយថា ក្មេងប្រុសទាំង ៣នាក់ ពិតជាលង់ទឹក ស្លាប់ប្រាកដមែន តាមការពិនិត្យ នៅកន្លែងកើតហេតុ គឺដំបូងក្មេងប្រុស អាយុ៤ឆ្នាំ អាចរអិលជើង ធ្លាក់ទឹកស្រះមុន បន្ទាប់បងប្រុស ២នាក់ទៀត ចុះជួយក៏លង់ជាបន្តបន្ទាប់ ព្រោះទឹកស្រះនេះ មានចំណោទខ្លាំង ៕

ដកស្រង់ពី ៖ កោះសន្តិភាព