បណ្តាញសង្គម

ម៉ូតូស៊ុយសុគីនិច បើកបុករថយន្តដឹកទំនិញ រងរបួសធ្ងន់ ២នាក់

ភ្នំពេញ៖ បុរស ២នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ហើយផ្លូវងងឹត មួយណាទៀត មិនបានចាប់អារម្មណ៍ មើលឃើញថា មានរថយន្តមួយ ជាប្រភេទដឹកទំនិញ ចតចោល នៅបញ្ច្រាសទិសដៅ ក៏ជ្រុលបុក បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរសន្លប់ ២នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ១០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ តាមបណ្តោយផ្លូវបេតុង នៅចំណុចក្បែរនឹងច្រកចូល «មជ្ឈមណ្ឌល ឱកាសខ្ញុំ» ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញរថយន្តដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-8231 បើកបរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច មិនដឹងថា ទើបមកពីណានោះទេ បានជាមកឈប់រថយន្តបញ្ច្រាសទិសដៅ រួចហើយមិនបានដាក់ភ្លើងសញ្ញា ប្រាប់អោយគេ បានដឹងនោះទេ ធ្វើអោយម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីនិច ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ1IP6090 បើកបរគ្នា ២នាក់ តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ដោយសារតែមើលមិនឃើញ ហើយមួយណាទៀត ខាងម៉ូតូបើកលឿនផងនោះ ក៏ជ្រុលបុកចំពាក់កណ្តាលរថយន្តដឹកទំនិញ ចំពេញទំហឹង បណ្តាលអោយអ្នកបើកបរ បុកចំកញ្ចក់មុខ រងរបួសធ្ងន់ទាំង ២នាក់ សន្លប់ស្លូកស្តឹង នៅនឹងកន្លែងកើតហេតុ។ ចំណែកឯម៉ូតូស៊ុយសុគីនិច គឺខូចខាតខ្ទេចរួញមួយកំណាត់ខាងមុខ។

ឯអ្នកបើកបររថយន្តដឹកទំនិញវិញ គឺបានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ស្រមោល។ ភ្លាមៗ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជន សែនជ័យ បានមកដល់ដឹកជនរងគ្រោះ យកទៅព្យាបាលបាត់ទៅ។

ក្រោយពេលកើតហេតុខាងលើនេះ រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច វាស់វែង និងយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយគ្នា៕

ដកស្រង់ពី៖កោះសន្តិភាព