បណ្តាញសង្គម

ក្រុមចោរ​ប្លន់​ ៦នាក់ កាំភ្លើង អាកា​៦ដើម​ ចូលប្លន់​អាជីវករ​ផ្សារស្ទោង​ យក​អស់​រាប់សិប​​តម្លឹង​ ខណ:​អគ្គិភ័យ​ឆេះផ្ទះ​ស្នងការខ្ទេច

កំពង់ធំ : ក្រុមចោរប្លន់ ចំនួន ៦នាក់ ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយ កាំភ្លើងអាកាគ្រប់ដៃ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ បានចូលទៅភ្ជង់ ប្លន់អាជីវករ លក់មាសប្តូរប្រាក់ នៅផ្សារស្ទោង ស្រុកស្ទោង ដោយយកអស់'គ្រឿងអល្លង្កា រាប់សិបតម្លឹង ហើយគេចខ្លួន ភ្លាមៗផងដែរ ខណ:ដែលកម្លាំងសមត្ថកិច្ច ជាច្រើននាក់ កំពុងតាមចាប់ ប្រផាប់ប្រភីង ។

នេះបើយោងតាម លោក គង់ វិមាន អភិបាលរងខេត្ត កំពង់ធំ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅរសៀលថ្ងៃ ដដែលនេះ ។ ខណ:ដែលមាន ករណីប្លន់ប្រដាប់អាវុធ កើតឡើង នៅផ្សារស្ទោង ស្រាប់តែអគ្គិភ័យ បានឆាបឆេះ លំនៅឋាន របស់លោក ស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ ជូ សំអាន ស្ថិតនៅទល់មុខ ស្នងការដ្ឋាន នគរបាលខេត្ត ក្រុងស្ទឹងសែន ។ ដូច្នេះ លោកស្នងការ ត្រូវប្រឈមមុខដោះស្រាយ បញ្ហា២ធំៗ ទាំងនេះ ក្នុងពេលតែមួយ ។

លោក គង់ វិមាន បានបញ្ជាក់ថា នៅវេលាម៉ោង ៣និង៣០នាទីនោះ ស្រាប់តែ មានក្រុមចោរប្លន់ ៦នាក់ ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយ កាំភ្លើងអាកា ៦ដើម បានចូលទៅភ្ជង់ក្រុម អាជីវករលក់មាស ប្តូរប្រាក់ នៅផ្សារស្ទោង ដោយវាយបំបែក ទូរមាស ចំនួន៥ទូរ ។ លោក គង់ វិមាន បានបន្តថា ម្ចាស់តូបទី១ ឈ្មោះ ឆង ឡូន, ទី២ ឈ្មោះ ហុង ផារី, ទី៣ ឈ្មោះ អុឹង ប៊ុនឆាយ ប្លន់អស់ផ្លាកទីន ១០ខ្សែ, ទី៤ឈ្មោះ អ៊ួន សុីចាន់ ជាម្តាយ និងទី៥ ឈ្មោះ អុង សោហ៊ួយ ជាកូនស្រី អស់គ្រឿងអលង្ការ ជាង១០០តម្លឹង និងម៉ូតូសេ ១២៥ ស៊េរី០១២ មួយគ្រឿង ។

តាម លោក គង់ វិមាន ក្រោយកើតហេតុ ក្រុមចោរ ទាំង៦នាក់ បានបើកម៉ូតូជិះ ចេញគេចខ្លួន ទៅតំបន់វាល ក្រោមខណ:ដែលកម្លាំង សមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ បាននាំគ្នាជួយ ដេញតាមក្រុមចោរ ទាំងនោះផងដែរ ។ ប៉ុន្តែគិតត្រឹម វេលាម៉ោង ៦ល្ងាច ថ្ងៃដដែលនេះ មិនទាន់បានចាប់ខ្លួន ក្រុមចោរទាំងនេះទេ ។

ដោយឡែក ផ្ទះរបស់ស្នងការ នគរបាលខេត្ត លោក ជូ សំអាន ឈើលើថ្មក្រោម ទំហំ ១៨គុណ ១១ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះ ខណ:ដែលពុំមាន អ្នកនៅក្នុងផ្ទះ ប៉ុន្តែត្រូវបានកម្លាំង សមត្ថកិច្ច និងប្រជាពលរដ្ឋ នៅក្បែរនោះ ចេញជួយអន្តរាគមន៍ វាញ់ពន្លត់ ខណ:ដែលមូលហេតុ ពិតប្រាដក នៅមិនទាន់ដឹង នៅឡើយទេ៕


 

ដកស្រង់ពី ៖ ដើមអម្ពិល