បណ្តាញសង្គម

ស្រវឹងខ្លាំងពេក បើករថយន្ត មិនគោរពភ្លើងស្តុប ប៉ះម៉ូតូក្រុមអ្នកសម្រួលចរាចរណ៍

ភ្នំពេញ៖ បុរសម្នាក់ ស្រវឹងខ្លាំងពេក បានបើករថយន្ត មិនគោរពភ្លើងសញ្ញាចរាចរណ៍ ទៅប៉ះជាមួយក្រុមអ្នកសម្រួលចរាចរណ៍ ជូនរថយន្តសាម៉ុយ នៅផ្លូវបំបែកជា៤។ បុរសនោះ ព្យាយាមជិះរត់គេច តែត្រូវក្រុមអ្នកជិះម៉ូតូ ពីក្រោយតាមឃាត់បាន។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១១យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅផ្លូវបំបែកជា៤ ស្តុបទេពផន កែងមហាវិថីម៉ៅសេទុង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួន និងក្រុមការងារ បានជិះម៉ូតូ បើកផ្លូវចរាចរណ៍ ឲ្យរថយន្តសាម៉ុយ ខណៈត្រឡប់មកវិញ ដល់ទីតាំងកើតហេតុខាងលើ ខ្លួនបានឆ្លងស្តុប ដោយមានភ្លើងសញ្ញាពណ៌ខៀវ ភ្លាមៗនោះ មានរថយន្តមួយគ្រឿង ម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 2Z-8170 បើកបរដោយបបុរសម្នាក់ សង្ស័យស្រវឹងខ្លាំង បើករថយន្តរបស់ខ្លួន មិនគោរពភ្លើងសញ្ញា បណ្តាលឲ្យប៉ះទៅលើខ្លួន រួចបន្តជិះរត់គេចខ្លួន ទៅពួនក្នុងហាងមួយកន្លែង មានទីតាំងលើផ្លូវ២៣៧ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ត្រូវក្រុមអ្នកជិះម៉ូតូខាងលើ បានដេញតាម រហូតដល់ទីតាំង ដែលម្ចាស់រថយន្ត រត់គេចខ្លួននោះ។

ម្ចាស់រថយន្ត បានចតរថយន្តទុកចោល ហើយចូលទៅភោជនីយដ្ឋាន ដែលមានស្លាកយីហោ «អស់កង្វល់៣» និងមិនព្រមចេញមកវិញនោះទេ។ ខណៈក្រុមអ្នកបើកផ្លូវចរាចរណ៍ បានតាមទាន់ ក៏មានការទាស់ទែងពាក្យសម្តីគ្នា រហូតឈានទៅដល់ការប្រកែកគ្នា តឹងសរសៃកដាក់គ្នា ក្នុងនោះ ម្ចាស់រថយន្ត ហេតុតែមានជាតិសុរា ក្នុងខ្លួន បានតវ៉ាតឹងសរសៃក ទៅកាន់អ្នកសារព័ត៌មាន ថែមទៀតផង។

គួរបញ្ជាក់ថា ម្ចាស់ភោជនីយដ្ឋាន ដោយហេតុតែឃើញ មានមនុស្សចោមរោមថតច្រើនពេក ក៏សម្រេចចិត្តកាត់កេរ្តិ៍ កាត់ខ្មាស់ ហៅអ្នករងគ្រោះ ចូលទៅខាងក្នុងហាង រួចពិភាក្សា និងដោះស្រាយគ្នា។ ប៉ុន្តែម្ចាស់ម៉ូតូ មិនចង់បានអ្វីក្រៅពីការសុំទោស ព្រោះម្ចាស់រថយន្ត បានធ្វើខុស ជិះបំពានភ្លើងសញ្ញា មិនគោរពភ្លើងក្រហម ព្រមទាំងបើកបរ ក្នុងស្ថានភាពស្រវឹងថែមទៀត។ ចុងក្រោយ ដោយមានការជួយសម្របសម្រួលពីម្ចាស់ហាងផង និងពីសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ១ ផង ទើបភាគីទាំងសងខាង សម្រេចចិត្តដោះស្រាយគ្នា ក្នុងតម្លៃសំណង ៧០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព