បណ្តាញសង្គម

អ្នកបើកបរ​រថយន្ត​មួយគ្រឿង បាន​រត់​គេចខ្លួនបាត់ ក្រោយពី​សមត្ថកិច្ច ដេញចាប់ ​ព្រោះ​​បើកឡាន​បុក​ម៉ូតូ​

ខេត្តព្រះសីហនុ៖ អ្នកបើកបររថយន្តនេះ ត្រូវបានគេរាយការណ៍ថា បានបើកបរគៀរម៉ូតូមួយគ្រឿង ក្នុងទិសដៅស្របគ្នា ហើយបណ្តាលអោយមនុស្ស ២នាក់ បាត់បង់ជីវិត នៅនឹងកន្លែង និងម្នាក់ រងរបួស។

ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៤:៤៥នាទីល្ងាច ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ២១១-២១២។

សមត្ថកិច្ចស្រុកព្រៃនប់ អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងបង្កដោយរថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ទឹកស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3AL-1436 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ។

លុះមកដល់ចំណុចខាងលើ បានកៀរម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពាក់ផ្លាកលេខ ព្រះសីហនុ 1F-8299 ពណ៌ស បើកបរដោយឈ្មោះ ម៉ៅ រ៉ូគីយាស់ ភេទស្រី អាយុ ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទិសដៅស្របគ្នា។

ករណីគ្រោះថ្នាក់ខាងលើ បណ្តាលអោយមនុស្សស្លាប់ ២នាក់ និងរងរបួស ចំនួនម្នាក់៖ ១. ឈ្មោះ ម៉ៅ រ៉ូគីយាស់អ្នកបើកបរម៉ូតូ ស្លាប់ ២.ឈ្មោះ ចាន់ លីណា ភេទស្រី អាយុ ១៨ ឆ្នាំ អ្នករួមដំណើរម៉ូតូ ស្លាប់ ៣.ឈ្មោះ ឡាយ ណៃយ៉ីម ភេទស្រី អាយុ ៤១ឆ្នាំ របួសមធ្យម។

ក្រោយពីកើតហេតុ រថយន្តបានបន្តបើកគេចខ្លួន តាមផ្លូវជាតិលេខ៣ សំដៅទៅកំពត ហើយសមត្ថកិច្ច បានប្រើប្រាស់រថយន្តជាច្រើនគ្រឿង ដេញទាន់តែអ្នកបើកបររថយន្ត នៅបន្តបើករត់ មិនប្រគល់ខ្លួន តែដោយសមត្ថកិច្ចដេញព័ទ្ធយ៉ាងប្រកៀក អ្នកបើកបរបង្ខំចិត្តឈប់រថយន្តលោតចេញគេចខ្លួន ទៅបាត់តែម្តង។

សាកសព បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី និងជនរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ 888 ខេត្តព្រះសីហនុ។ រីឯវត្ថុតាង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ៕

ដកស្រង់ពី៖កោះសន្តិភាព