បណ្តាញសង្គម

ចេញ​ប្លន់​ ៥​ឆ្នាំ បានសម្រេច​រាល់​លើក ទីបំផុត​អាវុធហត្ថ​ខណ្ឌ​កំ​បូល ​ឃាត់ខ្លួន ​​២​នាក់ (​ម្នាក់​វិជ្ជមាន​កូ​វី​ដ​)

រាជធានីភ្នំពេញ ៖ យោងតាមកងអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីជនសង្ស័យ ចំនួន០៤នាក់ បានវាយប្លន់ យកម៉ូតូមួយគ្រឿង ពីជនរងគ្រោះម្នាក់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បន្ទាប់ពីជនរងគ្រោះត្រូវបានចោរទាំងនេះវាយប្លន់រួចហើយ ជនរងគ្រោះ ក៏មិនបានដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានផ្ទាល់ដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ឲ្យបានដឹងនោះដែរ ប៉ុន្តែតាមរយៈបណ្តាញក្តាប់ព័ត៌មានថា មានករណីប្លន់ដូចខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានបើកការស៊ើបអង្កេតស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជាក់ស្តែង នៅចំណុចដីវាលទុកចោលមួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

កងអាវុធហត្ថរាជធានីភ្នំពេញ បានបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ដោយសារទីតាំងឃាត់ខ្លួន ជាភូមិសាស្ត្រដីវាល បានធ្វើឲ្យមានការរំខានដល់ប្រតិបត្តិ របស់សមត្ថកិច្ច ក្នុងការលបចូលទៅជិតជនសង្ស័យ បណ្តាលឲ្យបក្ខពួកផ្សេងទៀតដឹងខ្លួនចែកផ្លូវគ្នារត់គេចយ៉ាងលឿន មុនសមត្ថកិច្ចចូលទៅដល់ ទើបធ្វើឲ្យសម្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យត្រឹមតែ០២នាក់ និងដកហូតម៉ូតូបាន ចំនួន ៣ គ្រឿង ៖ ម៉ាកសង់ C125 ,021ពណ៍ខ្មៅ គ្មានស្លាកលេខ (ជារបស់ជនសង្ស័យ ដែលឃាត់ខ្លួនបាន), ម៉ាកសង់ C125,020 ក្រហម ពាក់ស្លាកលេខ 1IC,6209 (ជារបស់ជនសង្ស័យរត់ចោល), ម៉ាកសង់ C125 ,020 ពាក់ស្លាកលេខ ព្រៃវែង 1R 9039 (សមត្ថកិច្ចក្តាប់បានថា ជាម៉ូតូ របស់ជនរងគ្រោះដែលត្រូវបានប្លន់ កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១) ។

ជនសង្ស័យទាំង០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ៖ ទី១. ឈ្មោះ ចែម ខែមរិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ពិនិត្យឃើញមានសារធាតុញៀន ជាមុខសញ្ញាវាយប្លន់យ៉ាងសកម្មនៅចំណុចផ្លូវជាតិលេខ៣) បច្ចុប្បន្នស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ទី២. ឈ្មោះ ទេព ពេញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាមេខ្លោងវាយប្លន់) បច្ចុប្បន្នស្នាក់នៅភូមិទូលពង្រ សង្កាតចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា ពួកគេ និងបក្ខពួក០៥នាក់ទៀត គឺទី១ ឈ្មោះ អាត្រេន, ទី២ ឈ្មោះ អាសំអន, ទី៣ ឈ្មោះ អាកាយ, ទី៤ ឈ្មោះ អារៈ និងទី៥ ឈ្មោះ អាព្រលិត តែងតែធ្វើសកម្មភាព ពួនស្ទាក់វាយប្លន់ជនរងគ្រោះ នៅកន្លែងស្ងាត់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។

ជាក់ស្តែងកាលពី ឆ្នាំ២០១៧ ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាពវាយប្លន់នៅផ្លូវ៥១ ទឹកដីខេត្តកំពង់ស្ពឺ ។ នៅឆ្នាំ២០១៩ ក្រុមខ្លួនធ្លាប់ធ្វើសកម្មភាព វាយប្លន់ នៅក្នុងទីរួមខេត្តកំពង់ស្ពឺ ក្រោយៗមកគឺធ្វើសកម្មភាពវាយប្លន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលចុងក្រោយគឺបានវាយប្លន់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយឈ្មោះ(អាកាយ) ជាអ្នកធាក់ទៅលើជនរងគ្រោះបណ្តាលអោយដួល រួចជនរងគ្រោះបានរត់ទៅកន្លែងទិញអេតចាយក្បែរនោះ បន្ទាប់មកបក្ខពួកខ្លួនឈ្មោះ (អារៈ) បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់រៀងៗខ្លួន ។

រាល់ការចេញវាយប្លន់មួយលើកៗ គឺពួកខ្លួនតែងរត់គេចរួចដោយសុវត្ថិភាព ស្រាប់តែ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខណៈពួកខ្លួនបានទៅអង្គុយផឹកស៊ីជុំគ្នាលេង នៅចំណុចដីវាលមួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដល់ម៉ោងប្រហែល ១៨និង៣០នាទីយប់ ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថខណ្ឌកំបូល បានមកដល់ធ្វើការដេញចាប់ពួកខ្លួន បាន០២នាក់ រីឯបក្ខពួកជាច្រើននាក់ទៀត បានរត់គេចខ្លួនទាន់ ។

សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ជាមួយការបង្ក្រាបជនសង្ស័យទាំង០២នាក់នេះផងដែរ កម្លាំងជំនាញ ក៏បានប្រើឧបករណ៍តេស្តរហ័ស Rapid Test ពិនិត្យជនសង្ស័យ រកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន១នាក់ គឺឈ្មោះ ទេព ពេញ ជាហេតុធ្វើឲ្យមានការរំខានបន្ថែមដល់និតិវិធី របស់សមត្ថកិច្ច ។

បច្ចុប្បន្នម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យបានប្លន់កាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ម៉ាក ហុងដា សេ១២៥ ត្រូវបានជនសង្ស័យ យកទៅប្តូរពណ៌ ពីពណ៌ខ្មៅ មក ជាពណ៌ស ។

រីឯម្ចាស់ម៉ូតូ មន្ត្រីជំនាញមិនទាន់បានស្គាល់ និងទាក់ទងបាននៅឡើយទេ ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ម៉ូតូ ឬបងប្អូនណា ស្គាល់ម្ចាស់ម៉ូតូ សូមអញ្ជើញមកទំនាក់ទំនងទទួលយកម៉ូតូ ត្រឡប់ទៅវិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមការគួរ ៕

ដកស្រង់ពី៖កោះសន្តិភាព