បណ្តាញសង្គម

ប្រពន្ធ​និង​កូន​ស្លុតចិត្ត​យ៉ាងណា ប្តី​បាត់​ពី​ផ្ទះ​១០​ថ្ងៃ លុះ​ប្រទះ​ឃើញ​​​ជាប់​នឹង​ដើមឈើ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដោយស.ពមានសភាពហើមស្អុយ ខណៈពេលបុរសរងគ្រោះរូបនេះបានបាត់ខ្លូនពីផ្ទះអស់១០ថ្ងៃ ហើយក៏ប្រទះឃើញច.ង.កសម្លា.ប់ខ្លួននឹងដើមឈើ ត្រង់ចំណុចខាងជើងច្រកតាមឿនចម្ងាយ៥០០ម៉ែត្រ ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា បុរសរងគ្រោះខាងលើមានឈ្មោះ ង៉ាន់ នួន អាយុ៤៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នគរបាលបានប្រាប់ទៀតថា ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញស.ពជនរងគ្រោះ រួចក៏រាយការណ៍មកនគរបាលការពារព្រំដែនអូរសាយ ហើយលោកវរសេនាតូចការេពារព្រំដែនគោកលេខ៨០៧ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ហើយក៏ឃើញស.ពបានច.ង.កបញ្ចប់ជីវិតខ្លួនឯងនៅនឹងដើមឈើ ដោយមានសភាពស.ពហើមរលួយ ជះក្លិនស្អុយទៅហើយ ។

នគរបាលបានបញ្ជាក់ថា តាមការឲ្យដឹងពីស្ត្រីជាប្រពន្ធ និងកូនប្រាប់សមត្ថកិច្ចថា ប្តីឬឪពុករបស់គាត់បានដើរបាត់ពីផ្ទះតាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ មកម្ល៉េះ ហើយពួកគាត់ដើររកមិនឃើញសោះ លុះពេលលឺដំណឹងថា មានគេប្រទះមានមនុស្សស្លា.ប់ដោយ ច.ង.កនោះ ពួកគាត់ក៏បានមកមើល ទើបដឹងថា ជាប្តីនិងជាឪពុករបស់ខ្លួន។

ក្រុមគ្រួសារខាងលើបានបញ្ជាក់ថា បុរសដែលស្លា.ប់នេះនៅពេលផឹកស្រាស្រវឹង តែងតែរវើរវាយ និងធ្លាប់លេបថ្នាំប៉ងសម្លា.ប់ខ្លួនតែ ប៉ុន្តែត្រូវបានជួយសង្គ្រោះទាន់ តែលើកចុងក្រោយនេះគឺដោយគ្មានអ្នកម្នាក់បានដឹង និងជួយគាត់ទាន់ឡើយ។ នគរបាលបានឲ្យដឹងទៀតថា ក្រោយពីរកឃើញសាច់ញាតិរួច ស.ពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព