បណ្តាញសង្គម

សមត្ថកិច្ចប្រើពេលជាច្រើនម៉ោង រំដោះប្រពន្ធ ពីការវាយធ្វើបាបរបស់ប្តីញៀនថ្នាំ នៅស្រុកមេមត់

ត្បូងឃ្មុំ ៖ កម្លាំងចម្រុះ ស្រុកមេមត់ បានឃាត់ខ្លួនបុរសម្នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយពេលបង្ខាំង ប្រពន្ធនៅក្នុងផ្ទះ ហើយធ្វើទារុណកម្ម វាយធ្វើបាប យ៉ាងដំណំ, នេះបើតាម លោក ព្រំ វុទ្ធី មេបញ្ជាការ អាវុធហត្ថស្រុក មេមត់ បានប្រាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ ។

បុរសជាប្តី ដែលបានប្រើ អំពើហិង្សាធ្ងន់ធ្ងរ ដល់ភរិយានេះមាន ឈ្មោះ ក្រី ភ័ន អាយុ៣៣ឆ្នាំ ជាជនញៀនថ្នាំ ចំណែកប្រពន្ធ ឈ្មោះ ឡេង ដានី អាយុ៣១ឆ្នាំ ។ តាមសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៧ មីនា បុរសខាងលើ បានវាយដំប្រពន្ធ យ៉ាងដំណំ ហើយត្រូវប្រជាពលរដ្ឋ រាយការណ៍ប្រាប់ សមត្ថកិច្ច ។

លុះកម្លាំងអាវុធហត្ថ បានទៅដល់ផ្ទះ កើតហេតុ ប្តីរូបនេះ បានប្រាប់ឱ្យសមត្ថកិច្ច ដកកម្លាំងទៅវិញ ហើយថា ខ្លួនត្រូវរ៉ូវគ្នាជាមួយ ប្រពន្ធវិញហើយ ។ រហូតដល់ពេល ថ្ងៃត្រង់ ទើបសាច់ញាតិ របស់ស្រ្តីជាប្រពន្ធ បានមកប្តឹង សមត្ថកិច្ច ម្តងទៀតថា ប្តីនៅបន្ត វាយប្រពន្ធ ធ្ងន់ធ្ងរ ទើបកម្លាំង សមត្ថកិច្ចចម្រុះ ចុះទៅដល់ កន្លែងកើតហេតុ ហើយទម្លុះទ្វារ ដោះនារីរងគ្រោះ តែម្តង ទាំង មានឈាមស្រោច ពេញក្បាល ។

ភ្លាមៗនោះ បុរសជាប្តីបាន ព្យាយាមរត់គេចខ្លួន តាមវាលស្រែ ប៉ុន្តែត្រូវបាន កម្លាំងអាវុធហត្ថស្រុក សហការជាមួយសមត្ថកិច្ចអង្គភាព ផ្សេងទៀត ចាប់ខ្លួនបាន៕

ដកស្រង់ពី ៖ ដើមអម្ពិល