បណ្តាញសង្គម

​នគរបាល ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​ក្រោម ១៨​ឆ្នាំ​

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកព្រះនេត្រព្រះ ចាប់ឃាត់ខ្លួន នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ពីបទរួមភេទ ជាមួយអនីតិជន។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ មានឈ្មោះ ម៉ាក ខាន់ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះថា កាលពីយប់ម៉ោង ០១ រំលងអាធ្រាត្រ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គាត់បានបានបាត់ចៅស្រី ឈ្មោះខ.ល.ត អាយុ ១៣ឆ្នាំ ដែលនៅផ្ទះជាមួយ។

លុះនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ គាត់បានទៅរកចៅស្រី ឃើញនៅនឹងផ្ទះ ឈ្មោះ ព្រួញ មករា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ហើយនាំចៅមកផ្ទះវិញ។

តាមការសាកសួរ ចៅស្រីគាត់ប្រាប់ថា នៅយប់នោះ ដេកនឹងផ្ទះ ឈ្មោះ ព្រួញ មករា ត្រូវបានឈ្មោះ មករា រួមភេទជាមួយបានសំរេច ចំនួន ០២ លើក។លោកអធិការ បានបន្តថា ឆ្លងតាមកំណត់ហេតុបំភ្លឺរបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា ខ្លួនបានស្គាល់ឈ្មោះ មករានេះ តាមរយៈឆាត ហ្វេសប៊ុក ប្រហែល ៥ខែហើយ។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ម៉ោងជាងប្រហែល ១២យប់ ឈ្មោះ មករា បានទូរសព្ទមក បបួលនាងទៅខួបកំណើតមិត្តភក្តិគេ នៅក្រុងសិរីសោភ័ណ្ឌ ប្រាប់មកថា គេមកចាំទទួលនៅមុខសាលារៀនភូមិប៉ោយតាប៉ែន បន្ទាប់មក បានចេញពីផ្ទះទៅតែម្នាក់ឯង ទៅជួបឈ្មោះ មករា មុខសាលារៀន ដោយតាយាយ មិនដឹងទេ ហើយបានជិះម៉ូតូទៅជាមួយឈ្មោះ មករា និងគ្នាគេម្នាក់ទៀត ភេទប្រុស មិនស្គាល់។ ពេលទៅដល់ភូមិខ្វាវ ឈ្មោះ មករា បាននាំទៅដេកលើផ្ទះឈើមួយ ហើយនៅយប់នោះ ត្រូវបានឈ្មោះ មករា បង្ខំរួមភេទ បានសំរេច ចំនួន ២លើក។

លោក មាស ប្ញទ្ធី បានឲ្យដឹងទៀតថា ក្រោយពីទទួលបានបណ្តឹងពីជីតា និងស្តាប់ការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ កម្លាំងនគរបាលស្រុក បានចុះទៅធ្វើការនាំខ្លួន ឈ្មោះ ព្រួញ មករា ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ យកមកសួរនាំ និងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ព្រួញ មករា បានសារភាពថា រវាងរូបគេនឹងក្មេងស្រី ខ.ល.ត បានទំនាក់ទំនងស្គាល់គ្នា តាមរយៈឆាតហ្វេសប៊ុកយូរហើយ។ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ម៉ោងប្រហែល ១យប់រំលងអាធ្រាត្រ សង្សាររបស់ខ្លួន (ខ.ល.ត) បានទូរសព្ទមក អោយរូបគេ ទៅយកគេមកដើរលេង គេក៏ព្រមទៅយកជាមួយឈ្មោះយីម ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិខ្ញែរ ឃុំបុស្បូវ ជាមិត្តភក្តិ អ្នកបើកម៉ូតូ ទៅយក និងបានណាត់ជួបគ្នា នៅមុខសាលារៀនភូមិប៉ោយតាប៉ែន។

ក្រោយជួបគ្នាហើយ បានជិះម៉ូតូទៅដល់ភូមិខ្វាវ ម៉ោងប្រហែល ២ និង ៣០នាទី ទាបភ្លឺ ខ្លួនបាននាំនាង ដេកនៅលើផ្ទះរបស់ខ្លួន។ ឯឈ្មោះ យីម ជាមិត្តភ័ក្តិ ដេកក្រោមផ្ទះ។ នៅយប់នោះ គេបានរួមភេទជាមួយនាង បានសំរេច ១លើក ដោយមានការយល់ព្រមពីនាងផងដែរ។

លោកអធិការបានបញ្ជាក់ថា ដោយផ្អែកលើបណ្តឹងរបស់ជីតាក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ព្រួញ មករា គឺពិតជាបានរួមភេទជាមួយក្មេងស្រី ជាអនីតិជនពិតប្រាកដមែន។ ជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព