បណ្តាញសង្គម

​ពលករ​ខ្មែរ ៥​នាក់ រួមទាំង​មេខ្យល់​ជនជាតិ​ថៃ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចតម្រួតខ្លងលឹក សហការជាមួយអាជ្ញាធរស្រុកអារញ្ញ ទាហានកងរយឈុតខ្មៅទី១.២០៥ បានឃាត់ខ្លួនពលករខ្មែរ ៥នាក់ និងមេខ្យល់ថៃម្នាក់ នៅវេលាម៉ោង ០៨ និង ៣០នាទី ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១ នៅបរិវេណប៉ុស្ត៍ត្រួតពិនិត្យភូមិ ម៉ៃ ឌីង៉ាម ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ប្រាប់ថា ពលករខ្មែរ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន៖ ១/-ឈ្មោះ ស្រី អ៊ីន ភេទ ស្រី អាយុ ៣១ឆ្នាំ ២/- លៀង ឡូន ភេទស្រី អាយុ ២៩ឆ្នាំ ៣/- ចាន់ណា រត្ន័ ភេទប្រុស អាយុ ៣៧ឆ្នាំ ៤/- អៀត សូម ភេទ ស្រី អាយុ ២៣ឆ្នាំ ៥/- ស៊ីង រ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ។

ចំណែកមេខ្យល់ជនជាតិថៃ មានឈ្មោះ ចេតតា គង់ ភេទប្រុស អាយុ ២៩ឆ្នាំ រួមទាំងវត្ថុតាង រថយន្តប៊ិកអាប់ តូយ៉ូតាមួយគ្រឿង។ ពលករទាំងអស់នោះ ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបាននាំមកសួរនាំ និងធ្វើកំណត់ហេតុ ចាប់ឃាត់ខ្លួន។

ចំពោះមេខ្យល់ជនជាតិថៃ សមត្ថកិច្ចបានធ្វើការចោទប្រកាន់ពីបទ លួចដឹកជញ្ជូនពលករបរទេសឆ្លងដែន ដោយខុសច្បាប់។ ដោយឡែកពលករខ្មែរទាំង ៥នាក់ បានប្រាប់សមត្ថកិច្ចថា ពួកគេធ្វើការនៅផ្សារថៃ និងត្រូវការធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសារស្ថានការណ៍ការរាតត្បាតជំងឺកូវីដ-១៩ កាន់តែរីករាលដាលខ្លាំងឡើងនោះ បានជួលរថយន្តដឹកមកព្រំដែន ខេត្តស្រះកែវ តម្លៃក្នុងម្នាក់ ១៥០០បាត។ ក្រោយពីសមត្ថកិច្ចសួរចម្លើយរួចរាល់ ពលករទាំងនោះ ត្រូវបានបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញខ្លងលឹក ចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព