បណ្តាញសង្គម

​ប្រជាពលរដ្ឋ ឃាត់​បាន​ចោរឆក់​ទូរ​សព្ទ ប្រគល់អោយ​សមត្ថកិច្ច​

ភ្នំពេញ៖ ជនសង្ស័យ ឆក់ទូរសព្ទដៃពីកូនក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាដេញតាមស្ទាក់ឃាត់បាន ប្រគល់ទៅសមត្ថកិច្ច យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់សំរោងក្រោម បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង ៥៥នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ជិតផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន ជ័យ។ជនសង្ស័យ មានឈ្មោះ សឹម ឡុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

ម៉ូតូ ដែលជិះធ្វើសកម្មភាពម៉ាក អិចសង់ទ័រ ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 1IL-9635 ជិះគ្នាពីរនាក់ ធ្វើសកម្មភាពឆក់ទូរសព្ទឃាត់ខ្លួន បានម្នាក់ ហើយម្នាក់ទៀត រងគេចខ្លួនបាត់ស្រមោល។

ឪពុករបស់ក្មេង ដែលត្រូវជនសង្ស័យឆក់ទូរសព្ទដៃ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានអោយទូរសព្ទ ទៅកូនគាត់លេងហ្គេម នៅមុខផ្ទះ ក្នុងបុរីឈូកវ៉ាពីរ សង្កាត់សំរោងក្រោម ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿង មានគ្នាពីរនាក់ បានធ្វើសកម្មភាពទៅឆក់ទូរសព្ទពីដៃកូន ហើយជិះម៉ូតូរត់គេចខ្លួននៅពេលនោះ គាត់ឃើញក៏ស្រែកចោរៗ ផ្អើលអ្នកជិតខាង នាំគ្នាដេញតាម តែតាមមិនទាន់ បន្ទាប់មកដោយសារទូរសព្ទរបស់គាត់ បានភ្ជាប់ iCloud គាត់ឆែកតាមរក មកឃើញ នៅផ្សារព្រៃទា ដែលជនសង្ស័យ កំពុងតែនាំគ្នា យកទូរសព្ទរបស់គាត់ ទៅលក់ នៅតូបលក់ទូរសព្ទមួយកន្លែង ពេលនោះ គាត់បាននាំគ្នា ចាប់ជនសង្ស័យបានម្នាក់។

ចំណែកម្នាក់ទៀត បានដឹងខ្លួន ក៏រត់គេចខ្លួនបាត់ស្រមោល ដោយយកសោម៉ូតូទៅជាមួយ។ ដោយសារកើតហេតុដំបូង នៅខាងសង្កាត់សំរោងក្រោម សមត្ថកិច្ចចោមចៅ ៣ ប្រគល់ទៅខាងសង្កាត់សំរោងក្រោម យកទៅសួរនាំវិញ។

ភ្លាមៗ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍សំរោងក្រោម ដើម្បីអោយជួយដោះស្រាយអោយ បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្ដឹងរួចរាល់ ហើយក៏បានសួរនាំទៅលើជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានឆក់យកទូរសព្ទពីក្មេងពិតប្រាកដមែន។

ក្រោយពីសមត្ថកិច្ច បានសួរនាំរួចជនសង្ស័យ បានសារភាពហើយ ទូរសព្ទ ដែលជនសង្ស័យឆក់ ត្រូវប្រគល់ទៅអោយម្ចាស់វិញ។ ចំណែកជនសង្ស័យ សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ចាត់ការទៅតាមនីតិវិធីបន្ត៕

ដកស្រង់ពី៖កោះសន្តិភាព