បណ្តាញសង្គម

​ជិះ​ម៉ូតូ​បញ្ច្រាស​ចរាចរណ៍ ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត រងរបួស​ធ្ងន់​ស្រាល ចំនួន ៣​នាក់​

ភ្នំពេញ៖ ពីរនាក់ប្ដីប្រពន្ធ ជិះម៉ូតូឌុបគ្នា ទៅផ្ទះ បញ្ច្រាសចរាចរណ៍ ទៅបុកជាមួយម៉ូតូមួយគ្រឿង ដែលជិះម្នាក់ឯង បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវ រងរបួសធ្ងន់ ទាំងសង្ខាង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង ១៥នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូបង្ក ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-3161 ជិះមានគ្នាពីរនាក់ ក្នុងទិសដៅពីជើងទៅត្បូង បញ្ជ្រាសចរាចរណ៍ក្នុងល្បឿនលឿន ហើយទៅម៉ូតូមួយគ្រឿង ដែលជិះត្រូវច្បាប់ចរាចរណ៍។ ម៉ូតូរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-8009 ជិះម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមធ្យម ក្នុងផ្លូវអាទិភាព ត្រូវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដា វេវ ពណ៌ខ្មៅ ជិះបញ្ច្រាសបញ្ច្រាសចរាចរណ៍ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន មានគ្នាពីរនាក់ បានជ្រុលទៅបុកម៉ូតូជនរងគ្រោះ ពីមុខពេញទំហឹង បណ្ដាលឲ្យដួលទាំងអស់គ្នា បោកទៅនឹងផ្លូវរងរបួសធ្ងន់ពីរនាក់។

ចំណែកម្នាក់ទៀត រងរបួសស្រាល ខណៈពេលភ្លាមៗនោះ ប្រជាពលរដ្ឋឃើញ ក៏នាំគ្នាជួយសង្គ្រោះបឋម រួចទាក់ទងទៅរថយន្តសង្គ្រោះសម្ភពស័ង្គម៉ារី បានដឹកយកជនរងគ្រោះ ទាំងសង្ខាង ទៅសង្គ្រោះភ្លាមៗ។

ចំណែកម៉ូតូ ត្រូវបានកំលាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ ចុះទៅបាញ់ថ្នាំ លើកទៅដាក់អែបខាង និងទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌសែនជ័យ។ ម៉ូតូរងគ្រោះ រងការខូចខាតផ្នែកខាងមុខ ដោយបែកកាត់តាប៊ូ និងក្បាំង។ រីឯម៉ូតូបង្កវិញ រងការខូចខាតយ៉ាងធ្ងន់ ផ្នែកខាងមុខ ដោយបាក់ខ្នង និងបែកក្បាំង ខ្ទេចអស់។

ក្រោយពេលកើតហេតុ ដោយមានតំណាងភាគីទាំងសង្ខាង ទៅសំរបសំរួលគ្នា ដោះស្រាយគ្នា បញ្ចប់នៅក្នុងមន្ទីរពេទ្យ ដោយសុំស្មើគ្នា ព្យាបាលរបួសរៀងៗខ្លួន និងជួសជុលម៉ូតូរៀងៗខ្លួន៕

ដកស្រង់ពី៖កោះសន្តិភាព