បណ្តាញសង្គម

ចិន​ចាប់​ចិន ​ញាត់​ចូល​ឡាន នគរបាល​ក្រុងព្រះសីហនុ ក្របួច​ក ៤​នាក់​

ខេត្តព្រះសីហនុ៖ សេចក្តីរាបាយការណ៍បឋមឲ្យដឹងថា កាលពីវេលាម៉ោង ៤ និង ៤០ នាទី រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលកាលក្រុងព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកអធិការ តី វិសាល ក្រោមការសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនជា តិចិនចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជនជាតិចិនដូចគ្នា ញាត់ចូលក្នុងរថយន្ត ក្នុងគោលបំណងមានគំនិតទុច្ចរិតណាមួយ ដែលពួកគេ ហាក់ដូចជាមិនស្គាល់កណ្តាប់ដៃ នគរបាលក្រុង.ខេត្តព្រះសីហនុ ទីបំផុត មិនបានប៉ុន្មានម៉ោងផង ត្រូវក្របួច។

សេចក្តីរាយការណ៍បន្តថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានផ្សព្វផ្សាយតាមវិទ្យុទាក់ទងថា មានជនជាតិចិនមួយក្រុម បានចាប់ជនជាតិចិនម្នាក់ ញាត់ចូលក្នុងរថយន្ត ១ គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូ ប៉ាវទូ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង.ខេត្តព្រះសីហនុ ដឹកឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន។ បន្ទាប់ពីទទួលបានព័ត៌មាននោះ ភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយនគរបាលក្រុងព្រះសីហនុ ដេញតាមចាប់ប្រផាត់ប្រភីង រហូតដល់ចំណុចផ្លូវបុរី គុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ទើបចាប់បានរថយន្ត ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៤ នាក់នោះ និងរំដោះជនរងគ្រោះម្នាក់ជាជនជាតិចិនដូចគ្នា។

ជនសង្ស័យទាំង ៤នាក់ មានដូចជា៖ ១.ឈ្មោះ LAI XING YONG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

២.ឈ្មោះ JIA YONG SHENG ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរប រមិនពិតប្រាដក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ៣.ឈ្មោះ HUANG YOU TAO ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

៤.ឈ្មោះ ZHANG KE WEI ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ជាមួយនោះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រថយន្ត ១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 ជាមធ្យោបាយជិះធ្វើសកម្មភាព។

ចំណែកជនរងគ្រោះ មានឈ្មោះ ZHANG TAO ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកកន្លែងផលិតទឹកបរិសុទ្ធ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។ ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត តាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព