បណ្តាញសង្គម

ឡោម​ព័ន្ធ​ទីតាំង​ហាង​«​គោលដៅ​ចាស់​»ក្នុង​ក្រុង​តា​ខ្មៅ ល្មើស​នឹងបម្រាម

ខេត្តកណ្តាល ៖ ព័ត៌មានបឋម បានអោយដឹងថា នៅព្រលប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុងតាខ្មៅ រួមទាំងមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានចេញប្រតិបត្តិការឡោមព័ន្ធទីតាំងហាងបើកលក់គ្រឿងស្រវឹង ផឹកស៊ី យីហោ គោលដៅចាស់ ដែលបំពានទៅនឹងវិធានរដ្ឋបាល ។

ហាង គោលដៅចាស់ ដែលមានទីតាំងស្ថិតនៅភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានលួចបើកឲ្យភ្ញៀវចូលផឹកស៊ី បំពានទៅនឹងវិធានរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹង ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ចំណែក អ្នកដែលពាក់ព័ន្ធល្មើសវិធានការរដ្ឋបាលនេះ មិនអនុញ្ញាតឲ្យចេញពីក្នុងហាងនោះទេ គឺឲ្យមន្ត្រីការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្ត យកសំណាកធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ម្តងម្នាក់ៗ រួចទើបចាត់ការបន្តតាមនីតិវិធី ដើម្បីនាំខ្លួនមកធ្វើការសាកសួរ ៕

ដកស្រង់ពី៖ កោះសន្តិភាព