បណ្តាញសង្គម

ទីប​ច្ឆា​សម្រាប់​អ្នក​ស្លា.ប់​ដោយ​កូ​វី​ដ សង់​រួច​ភ្លាម បាន​បូជា​​ស.ព៣នាក់​លើក​ដំបូង

ខេត្តកំពង់ឆ្នាំង ៖ ទីបច្ឆាសម្រាប់បូជាស.ពអ្នកស្លា.ប់ដោយសារជំងឺកូវីដ១៩ បានសាងសង់រួចហើយកាលពីថ្ងៃទី 22 ខែសីហា ឆ្នាំ 2021 កន្លងទៅនេះ ដោយសាងសង់នៅទីតាំងដាច់ស្រយាលមួយកន្លែង ស្ថិតនៅក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នេះបើតាមការបញ្ជាក់របស់អាជ្ញាធរស្រុករលាប្អៀរកាលពីថ្ងៃទី 22 ខែសីហា កន្លងទៅនេះ។ នៅពេលទីបច្ឆានេះបានសាងសងរួចរាល់ហើយភ្លាម បានទទួលស.ពអ្នកស្លា.ប់ដោយជម្ងឺកូវីដ19 ចំនួន3នាក់យកមកទៅបូជា នៅថ្ងៃទី 22 សីហានេះ ភ្លាមៗផងដែរ។

តាមការបញ្ជាក់របស់អាជ្ញាធរស្រុករលាប្អៀរ បានឲ្យដឹងថា ស.ពអ្នកស្លា.ប់ដោយសារជម្ងឺកូវីដ១៩ ចំនួន៣នាក់ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យយកទៅបូជាតាមលក្ខណៈបច្ចេកទេសនៅទីបច្ឆាសុវត្ថិភាពដែលទើបសាងសង់ហើយខាងលើនោះផងដែរ។

ដោយឡែកតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី 22 ខែសីហានេះដែរ ក៏បានចេញសេចក្តីជូនដំណឹងស្ដីពីការបន្តរកឃើញអ្នកឆ្លង covid-19 តាមរយៈធ្វើតេសរហ័សនៅថ្ងៃទី 21 ខែសីហា ចំនួន25នាក់ ក្នុងនោះស្រី 14នាក់ ដែលជាអាជីវករ កសិករ កម្មករ និងអ្នកនេសាទ ។ដោយឡែក អ្នកទទួលមរណភាពចំនួន 3 នាក់ ។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី22 ខែសីហា នេះដែរ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងកូវីតសរុបចំនួន2626នាក់ (ស្រី1622នាក់) ។ អ្នកជាសះស្បើយថ្មីចំនួន13នាក់ (ស្រី6នាក់) ។ អ្នកជាសះស្បើយសរុបចំនួន2120នាក់ (ស្រី1327នាក់) អ្នកស្លា.ប់ថ្មីចំនួន3នាក់ និងអ្នកស្លា.ប់សរុបចំនួន74នាក់។

ចំណែកអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាលមានចំនួន433នាក់ (ស្រី251នាក់)។ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ទាំង25នាក់ ដែលបានរកឃើញនៅថ្ងៃទី21 ខែសីហា ក្នុងរយៈពេល14ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិត បំផុតដើម្បីទប់ស្កាត់ការឆ្លងការរាលដាលនៃជំងឺកូវីដ19 ។

សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ (៣ការពារ៣កុំ )ដើម្បីខ្លួនយើងគ្រួសារយើងនិងសង្គមជាតិយើង៕

ដកស្រង់ពី៖ Fresh News