បណ្តាញសង្គម

ក្រុមឈ្មួញវៀតណាម នាំគ្នាសម្រុក ទៅប្រមូល ទិញឈើប្រណីត នៅស្រុកវ៉ឺនសៃ

រតនគិរីៈ យោងតាម សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅស្រុកវ៉ឺនសៃ ប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់ សង្កេតឃើញ ក្រុមឈ្មួញវៀតណាម ជាច្រើនក្រុម នាំគ្នាសម្រុកទៅប្រមូលទិញ ឈើប្រណីត

តាមបណ្តាភូមិសាស្ត្រ មួយចំនួន ដូចជាតំបន់កោះពាក និងប៉ាក់កាឡាន់ រួចដឹកតាមកាណូត យកមកគរទុកតាមច្រាំង មាត់ទន្លេសេសាន្តស្ថិត ក្នុងភូមិបានហ្វាំង ឃុំប៉ុង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ដើម្បីដឹកឆ្ពោះទៅកាន់ ប្រទេសវៀតណាម ។

សេចក្តីរាយការណ៍ខាងលើ ប្រាប់បន្តទៀតថា ក្រុមឈ្មួញវៀតណាមនេះ ស្ពាយលុយដុល្លារ ទៅប្រមូលទិញឈើ តាម ផ្ទះប្រជាពលរដ្ឋ ដែលភាគច្រើន ជាបងប្អូនជនជាតិ ដែលពួកគាត់ អាស្រ័យផល ដោយពឹងផ្អែកលើផល-អនុផល ព្រៃ ឈើ ជាទំនៀមទម្លាប់ របស់ពួកគាត់ តាំងពីយូរលង់មកហើយ ។

ជាងនេះទៅទៀត ក្រុមឈ្មួញវៀតណាម ដែលចុះទៅប្រមូល ទិញឈើដោយផ្ទាល់ មិនមានសមត្ថកិច្ចជំនាញ និងស្ថា ប័នពាក់ព័ន្ធណាមួយ ធ្វើការទប់ស្កាត់នោះទេ ថែមទាំងជួយសម្រួល ឲ្យក្រុមឈ្មួញវៀតណាម ដើរប្រមូលទិញដោយ រលូន ព្រោះអំណាចទឹកលុយដុល្លារ ទាក់ទាញទឹកចិត្តពួកគាត់ ភ្លេចអនុវត្តការងារអស់ទៅហើយ ។

ប្រភពព័ត៌មាន ដោយឡែកមួយទៀត បានប្រាប់ឲ្យដឹងថា បានជាក្រុមឈ្មួញ វៀតណាមគឃ្លើន ហ៊ានស្ពាយដុល្លារទៅ ប្រមូលទិញឈើ នៅតំបន់ខាងលើ ដោយគ្មានខ្លាចច្បាប់ ស្រុកខ្មែរនោះ ព្រោះមានកូនប្រុស លោកអធិការ នគរបាល ស្រុកវ៉ឺនសៃជាខ្នងបង្អែក។

ជាមួយគ្នានឹងសកម្មភាព របស់ក្រុមឈ្មួញ វៀតណាមនេះដែរ ប្រជាពលរដ្ឋ បានមានមតិលើកឡើង ស្រដៀងគ្នាថា គួរតែទុកមុខរបរ ឲ្យខ្មែររកស៊ីផង ពោលគឺកុំឲ្យដើរលុកលុយ ដល់ទីតាំងប្រភពឈើ ៕ 

 

 

ដកស្រង់ពី៖ដើមអម្ពិល