បណ្តាញសង្គម

បើកភ្នែក​មិន​ទាន់​ លោក​ចោរកាច់​សោ​លួច​ម៉ូតូ​២​គ្រឿងទាំងព្រឹក​

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចហាក់ដូចជាវិលក្បុងទៅនឹងសកម្មភាពចោរលួច ចោរឆក់ និងចោរគាស់ទម្លុះទម្លាយលំនៅឋានលួចទ្រព្យសម្បត្តិ បើទោះជាកន្លងមកនេះ កម្លាំងជំនាញធ្វើការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្ដី ។

ប៉ុន្តែ ក្រុមចោរហាក់នៅតែបង្កើនសកម្មភាពមិនថមថយឡើយ។បើតាមព័ត៌មានបឋមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ កញ្ញា នេះ មានជនមិនស្គាល់មិនអត្តសញ្ញាណបានកាច់សោលួចយកម៉ូតូរបស់ប្រជាពលរដ្ឋចំនួន០២គ្រឿងជាបន្តបន្ទាប់ ដែលមួយគ្រឿងលួចនៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងមួយគ្រឿងទៀតត្រូវគេរាយការណ៍ថា បានលួចនៅចំណុចវាលអន្ទង់ស ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។

នេះជាសញ្ញាមិនបន្ធូដៃរបស់ក្រុមចោរ ក្នុងការដើរធ្វើសកម្មភាពស្ទើរគ្រប់ទីកន្លែង ខណៈវិធានការទប់ស្កាត់ឬបង្ក្រាបរបស់សមត្ថកិច្ចមូលដ្ឋានហាក់គ្មានប្រសិទ្ធភាព។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា អ្នកលក់នំចំណីម្នាក់ ឈ្មោះ អាន សាំងអៀម ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវចោរលួចយកម៉ូតូគាត់មួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AM-8989 កាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី០២ កញ្ញា នៅពេលគាត់យកទៅផ្ញើក្នុងរបងផ្ទះគេនៅក្បែរផ្សារបឹងរាំង ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ហើយគាត់ចូលទៅលក់នំចំណីនៅក្នុងផ្សារនោះ។

សាក្សីនៅកន្លែងកើតហេតុនិយាយថា ម្ចាស់ម៉ូតូបានផ្អើលឆោឡោនៅម៉ោងប្រហែល៥ព្រឹកថ្ងៃដដែល ពេលគាត់ដើរចេញមកយកម៉ូតូវិញ។ សាក្សីបានបញ្ជាក់ថា នៅម៉ោងកើតហេតុនោះ ដំបូងគេឃើញបុរសម្នាក់ បានដើរឡើងដើរចុះបំរុងលួចម៉ូតូគេនៅក្បែរនោះ តែបានដើរចេញវិញយ៉ាងលឿន នៅពេលឃើញម្ចាស់ដើរសំដៅម៉ូតូ។

ប៉ុន្តែប៉ុន្មាននាទីក្រោយ បុរសនោះបានដើរទៅលកាច់សោរកលួចម៉ូតូជនរងគ្រោះខាងលើទាល់តែបាន ខណៈគាត់បានផ្ញើនៅក្នុងរបងផ្ទះគេទៅហើយ។ នៅព្រឹកថ្ងៃដដែលនេះដែរ ខណៈដែលជនរងគ្រោះ ខាងលើកំពុងស្វះស្វែងទៅដាក់បណ្ដឹងនៅប៉ុស្ដ៏រដ្ឋបាលសង្កាត់អូរម៉ាល់ ស្រាប់តែមានសេចក្ដីរាយការណ៍ថា ចោរបានលួចយកម៉ូតូមួយគ្រឿងទៀត នៅចំណុចវាលអន្ទង់ស ស្ថិតនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់។

ប៉ុន្តែព័ត៌មានបឋមនោះ មិនបានបញ្ជាក់ប្រាប់អត្តសញ្ញាណជនរងគ្រោះ ឬ ភិនភាគម៉ូតូដែលត្រូវចោរលួចនោះទេ ដោយគ្រាន់តែនិយាយថា ម្ចាស់ម៉ូតូបានទុកម៉ូតូនៅក្បែរចិញ្ចើមផ្លូវ ដែលទំនងដើរទៅមើលស្រែ លុះត្រឡប់មកវិញត្រូវបានចោរលូចម៉ូតូបាត់។សូមរំលឹកផងដែរថា មួយរយៈចុងក្រោយនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និង ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការខេត្ត បានធ្វើការស្រាវជ្រាវ បង្ក្រាបបានពួកចោរលួចម៉ូតូ ចោរឆក់ និង ចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិជាបន្តបន្ទាប់។

នៅក្នុងចម្លើយសារភាពរបស់ពួកចោរដែលត្រូវចាប់ខ្លួន ភាគច្រើនត្រូវគេកត់សម្គាល់ថា សុទ្ធតែធ្លាប់ជាប់គុក និង មួយចំនួនទើបចេញពីគុក ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទប្រព្រឹត្តអំពើចោរកម្ម។ ប៉ុន្តែពួកគេមិនរាងចាលទេ ក្រោយចេញពីគុក ពួកគេនៅតែធ្វើសកម្មភាពលួចដដែល។

បើទោះជាកម្លាំងជំនាញ នៃការិយាល័យជំនាញទាំង០២ បានប្រឹងប្រែងក្នុងការទប់ស្កាត់ ឬ បង្ក្រាបបានជនល្មើសជាញឹកញាប់ក្ដី តែមានការគត់សម្គាល់ថា សកម្មភាពរបស់ក្រុមចោរ ហាក់គ្មានសញ្ញាថមថយឡើយ ខណៈវិធានការទប់ស្កាត់ ឬ ការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចនៅតាមបណ្ដាមូលដ្ឋាន ហាក់ទន់ជ្រាយបំផុត៕

ដកស្រង់ពី៖ កោះសន្តិភាព