បណ្តាញសង្គម

ម្ចាស់ឃ្លាំងឮសម្រឹបជើងពីយប់ លុះព្រឹកឡើង​ឃើញ​បុរសម្នាក់លើដំបូលឃ្លាំងផ្អើ.ល​

រាជធានីភ្នំពេញ ៖ បុរសពុំស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យផ្លោះរបងឡើងទៅលើដំបូលឃ្លាំងស្តុកក្រណាត់ និងអេតចាយមួយកន្លែង ទាំងយប់រំងអាធ្រាត្រ ដោយពុំដឹងថាមានបំណងអ្វីនោះឡើយ ។

ប៉ុន្តែត្រូវបានអ្នកនៅក្នុងឃ្លាំងដឹងទាន់ បុរសរូបនោះក៏បានរត់គេចខ្លួន ហើយម្ចាស់ឃ្លាំងតាមពុំទាន់និងរកពុំឃើញឡើយ ដោយនឹកស្មានថារត់ទៅណាបាត់ហើយ លុះព្រឹកឡើង ស្រាប់តែប្រទះឃើញបុរសរូបនោះស្លា.ប់នៅលើដំបូលឃ្លាំងទៅវិញ ដោយគេដាក់ការសង្ស័យថា លួចគាស់ និងកាត់ដំបូលឃ្លាំងប៉ះចំមុខតំណខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តឆ.ក់ស្លា.ប់បែបនេះតែម្ដង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចឃ្លាំងស្តុកក្រណាត់ និងអេតចាយមួយកន្លែង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាជនសង្ស័យដែលបាត់បង់ជីវិតខាងលើពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រមាណ៤០ឆ្នាំ ស្លៀកខោខ្លី និងពាក់មួកសុវត្ថិភាព ។ ពុំមាននរណាបានដឹងថា ស្លា.ប់តាំងពីពេលណាឱ្យប្រាកដនោះទេ លុះរហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃដដែល ស្រាប់តែប្រទះឃើញស្លា.ប់នៅលើដំបូលបាត់ទៅហើយ។

តាមប្រភពព័ត៌មានបានបន្តថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានឡើងទៅលើដំបូលឃ្លាំង ខណៈនោះម្ចាស់បានឮស្នូរសម្រិបជើងក៏បានចេញមើល ហើយឃើញបុរសជាជនសង្ស័យរូបនោះកំពុងនៅលើដំបូលឃ្លាំង ។

ភ្លាមៗនោះបុរសសង្ស័យក៏បានរត់គេចខ្លួន ចំណែកអ្នកនៅក្នុងឃ្លាំងបានតាមរកដែរ តែពុំឃើញឡើយ ដោយនឹកស្មានថា ជនសង្ស័យរូបនោះរត់ទៅណាបាត់ហើយ លុះព្រឹកឡើង ស្រាប់តែប្រទះឃើញស្លា.ប់លើដំបូលឃ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងបែបនេះតែម្ដង។

ក្រោយទទួលបានព័ត៌មានខាងលើនេះ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃដដែល កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យជាក់ស្ដែង ។ នគរបាលបានដាក់ការសង្ស័យថា ជនសង្ស័យស្លា.ប់ដោយសារចរន្តអគ្គិសនីឆ.ក់ ខណៈពេលឡើងទៅគាស់និងកាត់ដំបូលឃ្លាំងនោះ ក្នុងបំណងលួចទ្រព្យសម្បត្តិ ហើយប៉ះចំមុខតំណខ្សែភ្លើង ។

បន្ទាប់មកកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យបានរាយការណ៍បន្តទៅកាន់នគរបាលករិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យចុះទៅធ្វើកោសល្យវិច័យ និងក្រុមគ្រូពេទ្យជំនាញចុះយកសំណាក ផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព