បណ្តាញសង្គម

ការដ្ឋានសំណង់ក្លាយជា​ឆាកប្រយុទ្ធស៊ីសាច់​គ្នា​រវាង​ពួក​ក្រុម​ទំនើង​កាលយប់​មិញ

ខេត្តបាត់ដំបង ៖ ពួកក្មេងទំនើងចំនួន០២ក្រុម ប្រដាប់ដោយកាំបិត ដុំថ្ម ដំបង បានប៉ះប្រយុទ្ធគ្នាយ៉ាងឃោរឃៅ កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី០៥ កញ្ញា នៅម្ដុំការដ្ឋានសំណង់មួយកន្លែងក្នុងតំបន់ផ្សារទំនើប«ភូពុយ»ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង បណ្ដាលឱ្យភាគីម្ខាងស្លា.ប់ម្នាក់ ។

ព័ត៌មានបឋមនៅកន្លែងកើតហេតុ ភាគីម្ខាងមានបក្សពួកចំនួន០៣នាក់ ដែលគេស្គាល់០២នាក់ គឺឈ្មោះ សែន វីរ: អាយុ១៩ឆ្នាំ (កម្មករសំណង់នៅចំណុចកើតហេតុ) និង២-ឈ្មោះ ថា (របួស) រីឯម្នាក់ទៀតគេមិនទាន់ស្គាល់ទេ។ ក្រុមនេះ ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ស។

ដោយឡែក ភាគីម្ខាងទៀតមានគ្នា០៧នាក់ជិះម៉ូតូ០៣គ្រឿង ដែលសមត្ថកិច្ចទើបស្គាល់០៣នាក់ គឺឈ្មោះ ឆិល ឡងឌី អាយុ១៨ឆ្នាំ ឈ្មោះ វី ចិន្តា អាយុ១៦ឆ្នាំ និង ឈ្មោះ វិសាល អាយុ១៧ឆ្នាំ (ស្លា.ប់) រីឯបក្សពួក០៣នាក់ មិនទាន់ស្គាល់ឈ្មោះទេ។ ជុំវិញសង្គ្រាមរវាងក្មេងអន្ធពាលទាំង០២ក្រុមនេះ បើតាមប្រភពនៅកន្លែងកើតហេតុ គឺសាក្សីនៃភាគីទាំង០២ បានទាញហេតុផលផ្ទុយគ្នា ដែលផ្ដើមឲ្យមានអំពើហិង្សានេះ។

ភាគីខាង០៣នាក់ អះអាងថា ពួកខ្លួនត្រូវភាគីខាង០៧នាក់ ជិះម៉ូតូមកកាប់ប្រហារដល់ការដ្ឋានសំណង់ដែលពួកខ្លួនស្នាក់នៅ រីឯភាគី០៧នាក់ មាន០២នាក់បានបញ្ជាក់ប្រាប់កោះសន្តិភាពផ្ទាល់មាត់ថា ពួកខ្លួនបាននាំគ្នាជិះម៉ូតូទៅទិញបារីជក់ ដោយឆ្លងការចំណុចកើតហេតុ ស្រាប់តែត្រូវក្រុម០៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌សខាងលើនេះ ដែលរង់ចាំជាស្រេចស្ទាក់កាប់តែម្ដង ដែលពួកខ្លួនមិនដែលស្គាល់ ហើយក៏មិនធ្លាប់មានគំនុំជាមួយគ្នាដែរ។

ភាគីនេះ បានបញ្ជាក់ថា ក្រុម០៣នាក់នោះ មានកាំបិតវែងៗ ដេញកាប់ពួកខ្លួន បណ្ដាលឲ្យត្រូវបក្សពួកខ្លួនម្នាក់ឈ្មោះ វិសាល បណ្ដាលឲ្យរបួសជាច្រើនកន្លែងរហូតដល់ស្លា.ប់។

ពាក់ព័ន្ធករណីនេះ បើតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចថា ក្រោយពីធ្វើការស្រាវបឋមនៅព្រឹកថ្ងៃទី០៦ កញ្ញា កម្លាំងគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្ត និងកម្លាំងជំនាញអធិការក្រុងបាត់ដំបង បានសហការ តាមនាំខ្លួនជនពាក់ព័ន្ធបានចំនួន០៣នាក់ ដែលជាភាគី០៣នាក់ជិះម៉ូតូពណ៌.ស ដែលមានបក្សពួកម្នាក់រងរបួសក្បាល ដើម្បីយកទៅសាកសួរ ។

បើតាមស្រាវជ្រាវជំហ៊ានដំបូង រឿងរ៉ាវដែលនាំឱ្យក្រុមជនអន្ធពាលប៉ះប្រយុទ្ធគ្នារហូតមានស្លា.ប់ មានរបួសនេះ គឺផ្ដើមចេញពីរឿងបង្ហោះម៉ូតូបង្អួតគ្នា។

ភាគីខាង០៧នាក់ បានបង្ហោះម៉ូតូបង្អួតភាគី០៣នាក់ ហើយស្រែកឌឺដងដាក់គ្នា ក៏ផ្ទុះជាសង្គ្រាមពាក្យសំដី ទើបភាគី០៣នាក់ដកដាវដេញកាប់ប្រហារយ៉ាងឃោរឃៅទៅលើភាគី០៧នាក់មុន បណ្ដាលឲ្យស្លា.ប់ម្នាក់ រីឯគាគី០៣នាក់ មានម្នាក់របួស។ ប៉ុន្តែយ៉ាងសមត្ថកិច្ចកំពុងបន្តនីតិវិធីលើសំណុំរឿងនេះហើយ ខណ:ភាគី០៣នាក់កំពុងស្ថិតក្នុងដៃសមត្ថកិច្ច ៕

ដកស្រង់ពី៖ កោះសន្តិភាព