បណ្តាញសង្គម

តុលាការ​​ខេត្ត​ប៉ៃលិន​កំពុង​ស៊ើបអង្កេត​ករណី​បុរស​ម្នាក់​ស្លា.ប់ក្បែរ​រោង​ដីចំការ​លោកស្នងការ​រង

ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានឱ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទថា ចំពោះការស្លា.ប់របស់បុរសម្នាក់ដែលគេសង្ស័យថា ជាករណីឃា.តកម្ម ខាងលោកកំពុងធ្វើការស៊ើបអង្កេតហើយ ដោយឱ្យព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តជាអ្នកធ្វើរឿងនេះ ។

ចំណែកជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំបន្ថែម នៅក្នុងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។ គួររំលឹកថា ស្ត្រីម្នាក់ស្រែកយំចោទលោកស្នងការរងថា ហៅប្តីទៅផឹកស៊ីដូចឱ្យគេសម្លា.ប់។

សូមបញ្ជាក់ថា ៖ ស្ត្រីប្រពន្ធជនរងគ្រោះបានអះអាងថា មុនពេលកើតហេតុ លោកស្នងការរងនគរបាលខេត្តប៉ៃលិន បានទូរស័ព្ទ ហៅប្តីគាត់ ទៅផឹកស៊ីនៅក្នុងរោងដីចំការរបស់ខ្លួន ដែលនៅក្បែរគ្នា តាំងពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១០យប់ ស្រាប់តែទូរស័ព្ទឱ្យទៅយកប្តី ដោយប្រាប់ថា គាត់មិនស្រួលខ្លួន លុះពេលទៅដល់ ស្រាប់តែឃើញប្តីរងរបួសបែកក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ដេកស្លា.ប់ក្នុងថ្លុកឈា.មបាត់ទៅហើយ ។

គាត់សង្ស័យថា ជាករណីឃា.តកម្ម ហើយកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ ។ ចំណែកលោកស្នងការរងបានប្រាប់ថា ប្តីរបស់គាត់បានដួលធ្លា.ក់ពីលើស្ពានថ្ម បណ្តាលឱ្យរងរបួសដោយខ្លួនឯង ។

ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នៅលើដីចំការលោក សោម ប៉ិម ស្នងការរងនគរបាលខេត្តប៉ៃលិនទទួលបន្ទុក ផ្នែកគ្រឿងញៀ.នក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ ប៉ូត ពៅ ភេទប្រុស អាយុ៥៥ឆ្នាំ មានប្រពន្ធឈ្មោះ សំ អឿន អាយុ៤៩ឆ្នាំ មានកូន៤នាក់ក្នុងបន្ទុក (ស្រី២នាក់ ប្រុស២នាក់) រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ឈ្មោះ យឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាកម្មករទឹកស្អាត រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើតាមប្រភពព័ត៌មានពីស្ត្រីឈ្មោះ សំ អឿន ជាប្រពន្ធជនរងគ្រោះ បានបញ្ជាក់ឱ្យកោះសន្តិភាពដឹងកាលពីវេលាម៉ោង១និង២៩នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នេះថា រហូតមកដល់ពេលនេះ ក្រុមគ្រួសាររបស់គាត់មិនទាន់បានទទួលនូវភាពយុត្តិធម៌នៅឡើយទេ ខណ:ប្តីស្លា.ប់ដោយសង្ស័យអំពើឃា.តកម្ម នៅលើដីចំការរបស់លោកស្នងការរងនគរបាលខេត្តប៉ៃលិន ហើយខាងសមត្ថកិច្ច និងខាងច្បាប់ កំពុងដុតដៃដុតជើងធ្វើការស៊ើបអង្កេតបន្ត ដោយកាលពីល្ងាចម្សិលមិញ គាត់ក៏បានឃើញខាងនគរបាលប៉ុស្តិ៍ចំនួន២នាក់ ក៏បានចុះទៅសួរនាំគាត់បន្ថែមទៀតផងដែរ ។

តាមប្រភពដដែលបានបន្តទៀតថា ទោះបីជាយ៉ាងណា គាត់សង្ឃឹមថា នឹងមានភាពយុត្តិធម៌សម្រាប់ប្តីរបស់គាត់ ខណ:គេហៅទៅផឹកស៊ី បែរជាត្រូវគេលួចវា.យសម្លា.ប់ប្តីរបស់គាត់ដែលជាមនុស្សស្លូតបូត មិនចេះរករឿងប្រពន្ធ កូន ឬអ្នកភូមិណាម្នាក់ឡើយ ។

ទោះបីជាយ៉ាងណា លោក សោម ប៉ិម ស្នងការរងនគរបាលខេត្តប៉ៃលិន បានអះអាងថា លោកមិនបានហៅជនរងគ្រោះឱ្យទៅផឹកស៊ីនៅដីចំការរបស់ខ្លួនឡើយ ខណៈលោកសេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងថា សង្ស័យករណីឃា.តកម្ម ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព