បណ្តាញសង្គម

បុរសម្នាក់​ធ្វើសកម្មភាពលើ​ឪពុក​កូន​​ផ្អើ.ល​ពី​ខណ្ឌ​ច្បារ​អំពៅ​ ដល់​ខណ្ឌចំការមន

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពធា.ក់ប្ល.ន់យកម៉ូតូមួយគ្រឿងពីឪពុកកូន២នាក់បានសម្រេច ហើយ ព្យាយាមជិះគេចខ្លួនតាំងពីខណ្ឌច្បារអំពៅ រហូតដល់ខណ្ឌចំការមន ក៍ត្រូវបងប្អូនប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ជួយដេញតាមចាប់ខ្លួនបានរួចប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំនុចគល់ស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហើយត្រូវឃាត់ខ្លួនបាននៅចំនុចផ្លូវ៩៩កែង៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះជា រស្មី ហៅបារាំង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ថាន់ ប៊ី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ដោយឡែកម៉ូតូមួយគ្រឿងដែលសមត្ថកិច្ចដកហូតបានម៉ាកគុបមូល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CY 3365 ជារបស់ជនរងគ្រោះ ។

តាមសម្តីសាក្សីដែលឃើញហេតុការណ៍ជាក់ស្ដែងបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានជនសង្ស័យម្នាក់ធ្វើសកម្មភាពធា.ក់ម៉ូតូមួយគ្រឿងម៉ាកគុបមូល ពណ៌ទឹកប្រាក់ ដែលជិះដោយ២នាក់ឪពុកកូន បណ្តាលឱ្យដួលរងរបួស ហើយជនសង្ស័យក៍បានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចឡើងស្ពានព្រះមុនីវង្សចាស់ ចូលមកក្រុងភ្នំពេញ ។

ពេលនោះដែរ ពួកគាត់ជាប្រជាពលរដ្ឋដែលឃើញហេតុការណ៍ជាក់ស្ដែង ក៍បានជិះម៉ូតូដេញតាម ហើយស្រែកថាចោរៗ ផ្អើលគេផ្អើលឯង រហូតមកដល់ផ្លូវ ៩៩កែង៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ស្រាប់តែជនសង្ស័យបានជិះម៉ូតូជ្រុលទៅបុកនិងម៉ូតូអ្នកដំណើរមួយគ្រឿងទៀត បណ្តាលឲ្យដួលម៉ូតូ ក៍ត្រូវបងប្អូនប្រជាពលរដ្ឋចាប់បាន រួចប្រគល់អោយនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងត្របែក ដែលកំពុងល្បាតឆ្លងកាត់ជួយចាប់វាយខ្នោះជនសង្ស័យតែម្តង ។

នៅពេលដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក ឃាត់ខ្លួន រួចធ្វើការសាកសួរ ទើបដឹងថា ករណីនេះគឺកើតហេតុនៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ទើបសមត្ថកិច្ចបានធ្វើការទាក់ទងអោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ មកទទួលជនសង្ស័យយកទៅធ្វើការសាកសួរបន្ត។

ដោយឡែកជនរងគ្រោះវិញ មិនទាន់បានទៅដាក់ពាក្យបណ្ដឹងនោះទេ គឺទៅព្យាបាលរបួសនៅមន្ទីរពេទ្យសិន ទើបទៅដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចចាត់ការតាមនិតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព