បណ្តាញសង្គម

នគរបាល​ខណ្ឌ​បឹង​កេងកង ឃាត់ខ្លួន​ជន​ញៀន​ថ្នាំ ចំនួន ២ នាក់ ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក

នៅវេលាម៉ោងជាង ៣ ទៀបភ្លឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញព្រហ្មទណ្ចខណ្ឌ បឹងកេងកង សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី២ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ ក្នុងចំណោមគ្នា ៥ នាក់ ករណីលួចកាត់ខ្សែកាប្លិ៍អុបទិក នៅចំណុចមុខផ្ទះលេខ៤៣៤ ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។

នគរបាលខណ្ឌបឹងកេងកង បានឱ្យដឹងថាៈ ជនសង្ស័យ ជាមនុស្សប្រុស ដែលឃាត់ខ្លួនបាន ២ នាក់នោះ រួមមានៈ ១- ឈ្មោះ ថា រិទ្ធ អាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងវត្ដកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មុខរបរ រើសអេតចាយ (មានសារធាតុញៀន) និង ២-ឈ្មោះ អ៊ុង ហឿន អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។

មុនពេលកើតហេតុ ជនសង្ស័យ រួមនឹងបក្ខពួក មានគ្នាចំនួន ៥ នាក់ ជិះម៉ូតូ ២ គ្រឿង ម៉ូតូ ១ គ្រឿង ម៉ាក Honda scopy ពណ៌ក្រហម មិនចាំផ្លាកលេខ និងម៉ូតូ ១ គ្រឿងទៀត ម៉ាក Honda wave ពណ៌ខ្មៅ មិនចាំផ្លាលេខ សណ្ដោងរ៉ឺម៉ក ម្ដុំដីក្រហម ខណ្ឌទួលគោក គោលបំណងជិះដើររកលួច កាត់ខ្សែភ្លើង ។ នៅពេល ក្រុមជនសង្ស័យ ជិះម៉ូតូមកដល់ ចំណុចមុខផ្ទះលេខ ៤៣៤ ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានធ្វើសកម្មភាព ឡើងកាត់ខ្សែភ្លើង។

នៅពេលនោះ សមត្ថកិច្ច កំពុងល្បាត ក៏បានប្រទះឃើញ ចំណែកក្រុមជនសង្ស័យ នាំគ្នាជិះម៉ូតូគេចខ្លួន រហូតដល់ម្ដុំវត្ដកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយនៅទីនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ បានចំនួន ២ នាក់។ ចំណែកបក្ខពួកចំនួន ៣ នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់។ វត្ថុតាងចាប់យកបាន មានខ្សែកាប្លិ៍អុបទិក ប្រវែងប្រហែល ២០ ម៉ែត្រ ចំនួន ២ កំណាត់, កន្ត្រៃកាត់ដែក ចំនួន១, កាំបិតចំនួន១, ដង្កាប់ចំនួន ១, ទួណឺវីស ចំនូន១ ។ បច្ចុប្បន្ន ជនសង្ស័យចំនួន ២ នាក់ រួមនឹងវត្ថុតាង បានត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្ត តាមនីតិវិធី៕/V

ដកស្រង់ពី៖រស្មីកម្ពុជា