បណ្តាញសង្គម

ចៅក្រមសម្រេច​ឃុំខ្លួន បុរសនី​ហ្សេ​រី​យ៉ា​ម្នាក់ និង​ស្ត្រី​ខ្មែរ​២​នាក់ ពី​បទ​ឆបោក និង​សម្អាត​ប្រាក់

រាជធានីភ្នំពេញ ៖ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនសង្ស័យចំនួន ០៣នាក់ ក្នុងនោះមានស្ត្រីខ្មែរ ០២នាក់ និងបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ពីបទឆបោក និងសម្អាតប្រាក់ ។

ជនសង្ស័យទាំង៣នាក់ រួមមាន ៖ ទី១ ឈ្មោះ Olowogemo sunkami david ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា (ប្តី) ទី២ ឈ្មោះ ង៉ាន់ សំស្រីពេជ្រ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) និងទី៣ ឈ្មោះ មុត លក្ខិណា ហៅស្រីម៉ៅ ភេទស្រី អាយុ៣ឆ្នាំ ។

បើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនល្មើស (នីហ្សេរីយ៉ា) បានទំនាក់ទំនងមកកាន់ស្ត្រីជាប្រពន្ធជនរងគ្រោះ តាមរយៈកម្មវិធី WhatsApp កាលពីអំឡុងដើមឆ្នាំ២០២០ ដោយបានឲ្យស្ត្រីជាប្រពន្ធជនរងគ្រោះ ផ្ញើប្រាក់ពីប្រទេសកាណាដា ចូលមកគណនីធនាគារ ក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ ដោយប្រាប់ថា ជនរងគ្រោះឈ្មោះ CHEN STEVEN ត្រូវសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍កម្ពុជា ឃាត់ខ្លួន និងឃុំខ្លួន ដោយមូលហេតុហួសសុពលភាពទិដ្ឋាការ ហើយត្រូវផ្ញើលុយឲ្យពួកគេ ដើម្បីសម្របសម្រួល ។

តាមចម្លើយសារភាពរបស់ប្រពន្ធជនល្មើស (ឈ្មោះ ង៉ាន់ សំស្រីពេជ្រ) ថា ខ្លួនពិតជាបានទទួលប្រាក់ពីក្រៅប្រទេស តាមរយៈការផ្ទេរប្រាក់ចូលមកក្នុងគណនីធនាគាររបស់ខ្លួន ជាច្រើនបន្តបន្ទាប់ ដោយគ្មានប្រភពច្បាស់លាស់ សរុបជាទឹកប្រាក់ ៖

ទឹកប្រាក់សរុបដែលបានផ្ទេរប្រាក់មកពីក្រៅប្រទេសចូលធនាគារ ABA ចំនួនៈ ២៣៧,១៤២ដុល្លារអាមេរិក ហើយផ្ទេរចេញពីធនាគារ ABA មានចំនួនៈ ១,៦០០ដុល្លារ និងការផ្ទេរប្រាក់ចេញពីគណនី វីងវេរប្រាក់ សរុបទឹកប្រាក់ ចំនួន ៩,៨៦៦ដុល្លារ ទៅគ្នីគ្នាបន្ត ។

បន្ទាប់មកសមត្ថកិច្ច បានបន្តឃាត់ខ្លួនបុរសជនជាតិ នីហ្សេរីយ៉ា និងប្រពន្ធ ក្រោយពីបានធ្វើការសាកសួររួច ។ ជនសង្ស័យទាំងអស់បានសារភាពថា ខ្លួនពិតជាបានទទួលប្រាក់ និងផ្ទេរប្រាក់ទៅក្រៅប្រទេសពិតប្រាកដមែន ដោយគ្មានប្រភពច្បាស់លាស់ សរុបមានទឹកប្រាក់ ដែលបានផ្ទេរចេញពីធនាគារមានចំនួនៈ ៧៣,១៤១ដុល្លារ ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ត្រូវគិតពិចារណា ឲ្យបានគ្រប់ជ្រុងជ្រោយ កុំឆាប់ជឿការបញ្ចុះបញ្ចូល ឆបោករបស់អ្នកដ៏ទៃ ជាពិសេសមនុស្សដែលយើងមិនស្គាល់ប្រវត្តច្បាស់លាស់ ៕

ដកស្រង់ពី៖ កោះសន្តិភាព