បណ្តាញសង្គម

បង្កៃគ្រាប់ បែ​ជាប់​នឹង​ទ្រូ ម្ចាស់​ទៅលើ​ក បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​បុរស​ម្នាក់

លោកតាម្នាក់ អាយុ ៧៨ ឆ្នាំ បានស្លាប់ នៅពេលគាត់ បានលើកទ្រូ ហើយមិនដឹងថា មានជនមិនស្គាល់មុខ ដាក់បង្កៃគ្រាប់បែក ជាប់នឹងទ្រូរបស់គាត់ឡើយ។

នគរបាល ស្រុកក្រឡាញ់ ខេតសៀមរាប បាននិយាយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះថាៈ ហេតុការណ៍នេះ បានកើតឡើង តាំងពីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ នគរបាល បាននិយាយថាៈ នៅវេលាម៉ោងប្រហែល ៩ និង៤០នាទី ព្រឹកថ្ងៃកើតហេតុ មានបងប្អូន ប្រជាពលរដ្ខ បានទៅស្ទូងជួសស្រូវ នៅវាលស្រែខាងលិចភូមិ ប្រហែល ៣០០ ម៉ែត្រ ដែលមានព្រំប្រទល់ ជាប់នឹងភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់។

ពេលគាត់ទៅដល់ស្រែ បានឃើញមានធុងពណ៌ស នៅលើភ្លឺស្រែ ដែលមានចម្ងាយប្រហែល ៨០ ម៉ែត្រ ប៉ុន្តែមិនឃើញមានមនុស្សទេ គាត់ក៏បានដើរទៅមើល ពេលគាត់ទៅដល់ ក៏ឃើញមនុស្ស ដេកស្លាប់ក្បែរធុងនោះ គាត់ក៏បានទៅប្រាប់គ្នា របស់ពួកគាត់ និងរាយការណ៍ ប្រាប់សមត្ថកិច្ច។ សមត្ថកិច្ច បានចុះត្រួតពិនិត្យ ទើបដឹងថា ជនរងគ្រោះ ឈ្មោះ ឆាវ រ៉ាយ ភេទប្រុស អាយុ ៧៨ ឆ្នាំ ទីលំនៅភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ស្លាប់ដោយការផ្ទុះគ្រាប់បែក ដោយជនមិនស្គាល់មុខ លួចបង្កៃគ្រាប់បែក ជាប់នឹងទ្រូរបស់ជនរងគ្រោះ។

តាមការបំភ្លឺរបស់ឈ្មោះ ឆាវ រ៉ិត ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាកូនបង្កើតរបស់ជនរងគ្រោះថា ឪពុករបស់គាត់ ដាក់ទ្រូ នៅទីនោះ (ផ្លូវរទេះចាស់) រយៈពេលជិត ១០ ឆ្នាំមកហើយ ហើយឆ្នាំនេះ គាត់ទៅដាក់ទ្រូ កន្លែងចាស់នោះ ប្រហែល ៦ ទៅ ៧ ថ្ងៃហើយ ព្រោះទើបមានទឹក ហើយរៀងរាល់ព្រឹក ម៉ោង ៦:៣០ នាទី គាត់តែងតែទៅមើលទ្រូរបស់គាត់។

លុះដល់ម៉ោងប្រហែល ៨ គឺឪពុករបស់គាត់ ត្រឡប់មកផ្ទះវិញ ប៉ុន្តែព្រឹកមិញនេះ កូនដាំបាយឆ្អិន ចាំឪពុកគាត់ ដល់ម៉ោង ៩:៣០នាទី នៅតែមិនឃើញមកផ្ទះ ទើបគាត់ទៅតាមដល់កន្លែងដាក់ទ្រូ ទើបដឹងថា ឪពុកគាត់ បានស្លាប់នៅកន្លែងដាក់ទ្រូ បាត់ទៅហើយ។ បើតាមរបាយការណ៍ បានបន្តថា នៅវេលាម៉ោងប្រហែល ៧និង២០នាទី ប្រជាពលរដ្ឋ នៅភូមិក្បែរ កន្លែងកើតហេតុ បានឮសំលេងផ្ទុះ តែស្មានថា ផ្ទុះកង់រថយន្ត ឬជាស្នូរផ្គររន្ទះ ព្រោះពេលនោះ មេឃកំពុងតែភ្លៀងខ្លាំងទៀតផង៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា