បណ្តាញសង្គម

មនុស្ស​ប្រុស​ស្រី​៨​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ដោយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បុក​ជាមួយ​ម៉ូតូ​កង់​បី​កែច្នៃ

មនុស្សប្រុសស្រីចំនួន៨នាក់បានរងរបួសធ្ងន់ និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉កបុកជាមួយម៉ូតូកង់បីកែច្នៃ។

ហេតុការណ៍នេះ កើតឡ់ងនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ផ្លូវលេខ៥៧ ចំណុចក្រុមទី០១ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់។ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1X-3249 បើកបរដោយឈ្មោះ ឈីវ ម៉ាង ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិសំបួរមាសឃុំស្នឹង ស្រុកបាណន់ (រងរបួសធ្ងន់) រួមនឹងអ្នកដំណើរចំនួន០៤នាក់។

អ្នកទាំងបួននាក់រស់នៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់។ លោកអធិការស្រុកបានបញ្ជាក់ថា ម៉ូតូសណ្តោងរ៉ឺម៉កខាងលើបានបើកទៅបុកនឹងម៉ូតូកង់បីកែច្នៃ ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឆាយ អួក ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅក្រោយវត្តពោធិ៍វាល ក្រុងបាត់ដំបង (របួសធ្ងន់) រួមជាមួយនឹងអ្នករួមដំណើរចំនួន២នាក់ មាន៖ ១.ឈ្មោះ ចាន់ នាវ ភេទ ប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅក្រោយវត្តពោធិ៍វាល ក្រុងបាត់ដំបង (របួសស្រាល) និង២.ឈ្មោះ ឈិន មករា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល (របួសស្រាល)។ ករណីនេះ កម្លាំងនគរបាលជំនាញបានចុះធ្វើការត្រួតពិនិត្យ និងវាស់វែង ឃើញថាម៉ូតូសណ្តោងរ៉ឺម៉កបើកបរមិនប្រកាន់ស្តាំទើបទៅបុកនឹងម៉ូតូកង់បីកែច្នៃ។ បច្ចុប្បន្ន សមត្ថកិច្ច បានដកហូតមធ្យោបាយបង្កទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

ដកស្រង់ពី៖ រស្មីកម្ពុជា