បណ្តាញសង្គម

ហាងផឹកស៊ីមួយចំនួននៅក្រុងតាខ្មៅ លួចបង្កប់បើកខារ៉ាអូខេ បំពាននឹងបំរាមរបស់រដ្ឋបាលខេត្ត, ពលរដ្ឋរង់ចាំមើលចំណាត់របស់អាជ្ញាធរ

សេចក្ដីរាយការណ៍គួរទុកចិត្តបាន បានបង្ហើបឱ្យភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលដឹងថា នៅតាមបណ្ដាហាងផឹកស៊ីជាច្រើនក្នុងក្រុងតាខ្មៅ បានលួចលាក់បើកបន្ទប់ច្រៀងខារ៉ាអូខេ មានស្រីញីអូនបងប្រកៀកប្រកិតគ្នា ល្មើសនឹងបម្រាមរបស់អភិបាលខេត្តកណ្ដាល ខណៈដែលរដ្ឋបាលខេត្តអនុញ្ញាតឱ្យបើកហាងឡើងវិញពិតមែន ប៉ុន្តែត្រូវគោរពតាមគោលការណ៍របស់សុខាភិបាល ពិសេសនោះគឺបន្ទប់ច្រៀងខារ៉ាអូខេ ពុំទាន់អនុញ្ញាតនៅឡើយទេ។

ប៉ុន្តែគេសង្កេតឃើញថា ប៉ុន្មានថ្ងៃមកនេះ មនុស្សពពាក់ពពូនពេញហាងផឹកស៊ីស្ទើរគ្រប់ទីតាំងនៅក្រុងតាខ្មៅ និងបណ្ដាស្រុកផ្សេងទៀតនៅខេត្តកណ្ដាល ដោយលាយឡុំការច្រៀងខារ៉ាអូខេទៀតផង ដែលនេះជាហានិភ័យបង្កើនការចម្លងវីរុសកូវីដ១៩ ប្រឆាំងនឹងវិធានការរដ្ឋាភិបាល។ សេចក្ដីរាយការណ៍បានខ្សឹបថា ចាប់តាំងពីថ្នាក់ដឹកនាំខេត្តកណ្ដាល អនុញ្ញាត្តឱ្យបើកហាងផឹកស៊ីមក, ហាងផឹកស៊ី និងម៉ាស្សាទាំងនោះ បានបើកជាលក្ខណៈធម្មតា ក្រោមរូបភាពបន្លំភ្នែកថាលក់តែបាយធម្មតាប៉ុណ្ណោះ ហើយកោសជប់ ប៉ុន្តែលួចលាក់បង្កប់លក់គ្រឿងស្រវឹង និងម៉ាស្សាផ្លូវភេទ ផ្ទុយនឹងបម្រាមរបស់រាជរដ្ឋាភិបាល។

កត្តានេះនាំឱ្យមានការរិះគន់ពីពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលកំពុងភ័យខ្លាចនឹងការចម្លងវីរុសកូវីដ១៩ ដោយថា ការបំពាននេះជាការឌឺដងនឹងបម្រាមរបស់អភិបាលខេត្តកណ្ដាល ខណៈគេកំពុងរង់ចាំចំណាត់ការដៃដែករបស់អភិបាលខេត្តកណ្ដាល នឹងមានវិធានការគ្រប់គ្រងបានល្អប្រសើរដល់កម្រិតណាប៉ុណ្ណោះ។ ប៉ុន្តែទោះយ៉ាងណា បើតាមលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាលបានបញ្ជាក់ភ្នាក់ងារ Fresh News ប្រចាំខេត្តថា រដ្ឋបាលខេត្ត ពុំអនុញ្ញាតឱ្យមានការបើកហាងខារ៉ាអូខេនៅឡើយទេ ប៉ុន្តែហាងផឹកស៊ីអាចបើកដំណើរបាន ក្នុងលក្ខណគោរពតាមវិធាសុខាភិបាលឱ្យល្អបំផុត និងបន្តអំពាវនាវដល់សាធារណៈជនមេត្តាអនុវត្តន៍តាមវិធានសុខាភិបាលឱ្យបានល្អ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។

សេចក្ដីរាយការណ៍បានអះអាងថា ហាងផឹកស៊ីដែលល្មើសនឹងបម្រាមរបសើអភិបាលខេត្តកណ្ដាលជាត្រួសៗ រួមមាន៖ ហាងផឹកស៊ីយីហោអារម្មណ៍, ហាងផឹកស៊ីប្រូ,ហាងផឹកស៊ីយីហោគុយអេង២, ហាងផឹកស៊ីយីហោឡូហ្ស៊ីក និងបណ្ដាហាងផ្សេងៗទៀតផងដែរ។ គួរជម្រាបថា សំរាប់អ្នកឆ្លងជំងឺវីដ១៩ នៅទូទាំងខេត្តកណ្ដាល មានចំនួនរាប់ម៉ឺននាក់ និងស្លាប់ជាង២០០នាក់ ហើយបច្ចុប្បន្នអត្រាដែលកំពុងសម្រាកព្យាបាលជុះងឺនេះនៅសល់ច្រើននៅឡើយ រីឯហានិភ័យនៃការឆ្លងក៍មានខ្ពស់ផងដែរ ខណៈដែលអភិបាលខេត្តកណ្ដាលតែងតែស្រែកអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមវិធានការ «៣ការពារ និង៣កុំ» ឲ្យមានប្រសិទ្ធភាព ប៉ុន្តែមនុស្សមួយចំនួនមិនស្ដាប់តាមនោះឡើយ៕

ដកស្រង់ពី៖ FreshNews