បណ្តាញសង្គម

ដាច់កន្ដ្រកយោង ពីជាន់ទី៤ ស្លាប់និង របួស៤នាក់ នៅក្បែរស្ថាន ទូតចិន

ភ្នំពេញ ៖ កម្មករសំណង់ ដែលកំពុងធ្វើការ នៅអគារកំពុងសាងសង់ កម្ពស់១០ជាន់ ៣នាក់ និងបុរសអ្នកលក់កាហ្វេ តាមម៉ូតូម្នាក់ទៀត បានស្លាប់និងរបួស យ៉ាងធ្ងន់ធ្ងរ ដោយសារតែ កន្ដ្រកយោង ដែលពួកគេជិះ ចុះពីជាន់ទី៤ មកក្រោមដាច់ កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ។

អគារដែលកំពុងសាងសង់ មានកម្ពស់ ១០ជាន់ ស្ថិតនៅខាងកើត ស្ថានទូតចិន ក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន គេមិនទាន់ដឹងថា ជាកម្មសិទ្ធ របស់បុគ្គល ឬក្រុមហ៊ុនណានោះឡើយ តែបើតាម ប្រជាពលរដ្ឋនៅក្បែរនោះ និយាយថា អាចជាអគារខុនដូ ធ្វើទុកសម្រាប់ ជួលឬលក់ ។ សាក្សីដែលឃើញ ហេតុការណ៍នេះ បាននិយាយថា ជនរងគ្រោះ ចំនួន៤នាក់ ក្នុងនោះ កម្មករសំណង់ ៣នាក់ សុទ្ធតែប្រុស និងអ្នកលក់កាហ្វេម្នាក់ បានស្លាប់ពីរនាក់ និងរបួស កម្មករសំណង់ ពីរនាក់ទៀត ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ រុស្សី ក្នុងនោះ ជនរងគ្រោះម្នាក់ ត្រូវគ្រូពេទ្យ កាត់ដៃស្ដាំចោល ។

បើតាមសាក្សី ខណៈដែល កម្មករសំណង់ កំពុងធ្វើការនៅ ជាន់ទី៤ ពេលនោះអ្នកលក់កាហ្វេ តាមម៉ូតូបានធ្វើដំណើរកាត់ ក៏ត្រូវកម្មករសំណង់ ហៅឱ្យឈប់ ដើម្បីទិញកាហ្វេ យកទៅឱ្យពួកគេ នៅជាន់លើ លុះពេលចុះមកក្រោម បាននាំគ្នាជិះ ក្នុងជណ្ដើរយោង ស្រាប់តែដាច់ ធ្លាក់មកក្រោម បោកនឹងថ្ម បណ្ដាលឱ្យស្លាប់ និងរបួសតែម្ដងទៅ ។ ជនរងគ្រោះពីរនាក់ ដែលស្លាប់គឺ កម្មករសំណង់ម្នាក់ ឈ្មោះ មាន សឿន អាយុ ១៥ឆ្នាំ មានស្រុកកំណើត នៅឃុំប្រាសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ រីឯជនរងគ្រោះ ជាអ្នកលក់កាហ្វេ នៅមិនទាន់ស្គាល់ អត្ដសញ្ញាណនៅឡើយ ។

បើតាមសាក្សីដដែល គ្រោះថ្នាក់ខាងលើ បណ្ដាលមកពី បញ្ហាបច្ចេកទេស គ្មានការត្រួតពិនិត្យត្រឹមត្រូវ ចំពោះជណ្ដើរយោង និងខ្សែកាប្លិ៍ ដែលធ្វើឱ្យ ដាច់ធ្លាក់យ៉ាងដូច្នេះ ។ បច្ចុប្បន្នអាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានចុះទៅត្រួតពិនិត្យ និងដើម្បីមានវិធានការ តាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល