បណ្តាញសង្គម

ចាប់​អ្នក​ញៀន​ល្បែង​ឱ្យ​អង្គុយ​លេង​លើ​ស័ង្កសី​ក​ណ្តា​ល​ថ្ងៃ​ក្ដៅ​ជា​ការ​ព្រមាន​

ខេត្ដពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាល ស្រុកក្រគរ ចាប់បានអ្នកញៀនល្បែង ប្រុសស្រី៦នាក់ យកមកដាក់ទណ្ឌកម្ម ឱ្យអង្គុយលេងបន្ដ លើស័ង្កសី ខណៈដែលកម្ដៅ ថ្ងៃកំពុងតែក្ដៅ ។ ករណីនគរបាល ឃាត់ខ្លួនអ្នកញៀន ល្បែង យកមកដាក់ទណ្ឌកម្ម កាលពីរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅក្នុង ភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។

ប្រភពព័ត៌មាន ពីនគរបាល ស្រុកក្រគរប្រាប់ថា ការបង្ក្រាបអ្នកញៀនល្បែង ខាងលើនេះ ខណៈកំពុងអង្គុយ លេងបៀងជាក់ស្ដែង នៅក្រោមផ្ទះ ឈ្មោះ យូ ថេត ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅ ភូមិ-ឃុំខាងលើ ។ ប្រភពបន្ដថា ក្រោយការឃាត់ខ្លួន អ្នកញៀនល្បែងទាំងនោះ រួចមកសមត្ថកិច្ច បាននាំពួកគេ យកមកឱ្យលេងបន្ដ នៅលើស័ង្កសី ពេលមេឃកំពុង មានកម្ដៅខ្លាំង ដើម្បីជាការព្រមាន កុំឱ្យមានលើកក្រោយទៀត ហើយនេះក៏ជាលើក ទី២ដែរ ដែលសមត្ថកិច្ច ធ្វើដូច្នេះ ព្រោះកាលពីថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០១៥ សមត្ថកិច្ច បង្ក្រាបបានមួយលើក ក៏ធ្វើយ៉ាងនេះដែរ ។

ករណីសមត្ថកិច្ច បង្ក្រាបអ្នកញៀនល្បែង យកមកដាក់ទណ្ឌកម្ម ជាការព្រមាន ឱ្យរាងចាលនេះ ត្រូវមហាជនរិះគន់ ថានេះមិនមែន ជាការព្រមានទេ គឺជាការធ្វើទារុណកម្ម និងរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ ពីព្រោះច្បាប់បង្កើតរួចហើយ ម្ដេចមិនយកមក អនុវត្ដ ? ដូច្នេះអ្នកញៀន ល្បែងទាំងឡាយ ល្មមឈប់លេងទៅ ដើម្បីកិត្ដិយសខ្លួនឯង និងគ្រួសារ ៕

ដកស្រង់ពី៖ នគរវត្ត