បណ្តាញសង្គម

បុរសពីរនាក់ តាំងខ្លួនជាព្រះអនុជ ព្រះមហាក្សត្រ ជិះម៉ូតូយ៉ាងកញ្ចាស់ ទៅដើរបោកលុយ អ្នកស្រុកព្រៃកប្បាស

តាកែវ៖ បុរសពីរនាក់ តាំងខ្លួនជា ព្រះអនុជ ព្រះមហា ក្សត្រ ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ  បរមនាថ នរោត្តម សីហមុនី

ជិះម៉ូតូ យ៉ាងកញ្ចាស់ ទៅដើរបោកលុយ ប្រជាពលរដ្ឋ ទៅធ្វើបុណ្យ និង លក់សម្ភារៈផ្សេងៗ ក្រោមលេស នាំភាពត្រជាក់ ត្រជុំក្នុង ក្រុមគ្រួសារ ។

យោងតាម របាយការណ៍ របស់ អធិការដ្ឋាន នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ ដែលទទួល បាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៥នេះ  បានឲ្យដឹងថា កាលពីម៉ោងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥  កម្លាំង នគរបាល ស្រុកព្រៃកប្បាស បានឃាត់ខ្លួន បុរសពីរនាក់ ។

 ទី១. ឈ្មោះ ជឹម ភាន់ អាយុ ៥៥ឆ្នាំ រស់នៅ ភូមិកំពង់ ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល, ទី២. ឈ្មោះ នរោត្តម រដ្ឋា អាយុ ៦២ឆ្នាំ រស់នៅ ភូមិដើមមៀន សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្តាល ។ បើតាម របាយការណ៍ បានបន្តឲ្យដឹងថា ការឃាត់ខ្លួន បានធ្វើឡើង បន្ទាប់ពីបុរស ទាំងពីរនាក់ ជាពិសេស លោក នរោត្តម រដ្ឋា បានតាំងខ្លួន ជាបុត្រាទី២ របស់សម្តេចតា និងសម្តេចយាយ និងជាព្រះអនុជ របស់ព្រះមហាក្សត្រខ្មែរ ទៅដើរបោក ប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាស និង រ៉ៃអង្គាសលុយ ក្រោមលេស យកទៅធ្វើបុណ្យ ។

ក្រៅពីដើររ៉ៃ អង្គាសលុយហើយ ជនបោកប្រាស់ ទាំងពីរនាក់នេះ នៅបាននាំយក ចិញ្ចៀនដាំត្បូង ចែកាច់ រួមនិង ត្បូងជាច្រើនពណ៌ ព្រមទាំងក្រណាត់យ័ន្ត ទៅអួតថា ជារបស់ស័ក្តិសិទ្ធ ជំរុញឲ្យប្រជាពលរដ្ឋ ទិញយកទៅប្រើ ប្រាស់ ដើម្បីនាំសេចក្តីសុខ ក្នុងក្រុមគ្រួសារ ។

ចិញ្ចៀនដាំត្បូង និងចែកាច់ផ្សេងៗនេះ ត្រូវជនឆបោក ទាំងពីរនាក់ លក់ក្នុងតម្លៃប្រមាណពី ៣០ ទៅ៥០ដុល្លារ ។ ក្រោយឃាត់ខ្លួនជន ឆបោកទាំងពីរ ត្រូវបានកសាង សំណុំរឿង បញ្ជូនទៅ ស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដើម្បី វិនិច្ឆយទោស ទៅតាមច្បាប់ ៕

 

 

 

 

ដកស្រងពី៖ដើមអម្ពិល