បណ្តាញសង្គម

ទីបំផុត! ទាំងអ្នក​លួច​ទាំង​អ្នក​ទិញ​ជាប់​ខ្នោះ​បញ្ជូនទៅតុលាការ​ទាំង​​២​

ជនសង្ស័យចំនួន០២នាក់ដែលម្នាក់ខ្ចីម៉ូតូគេស៊ីដាច់យកទៅបញ្ចាំ និងម្នាក់ទៀតអ្នកទទួលផលចោរកម្ម ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៥ ឧសភាព នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយបញ្ចប់ការសួរនាំ។

តាមរយៈរបាយការណ៍ លោក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ ប៉េ សីហា ហៅខ្វាក់ អាយុ៣៨ឆ្នាំ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង (អ្នកខ្ចីម៉ូតូយកទៅបញ្ចាំ) និងម្នាក់ទៀតឈ្មោះ អ៊ូច សារ៉េន អាយុ៥៣ឆ្នាំ នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ (អ្នកទទូលផលចោរកម្ម)។ លោកបានប្រាប់ថា ជនទាំង០២នាក់ ត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី ២២ ឧសភា ដោយយោងលើបណ្ដឹងជនរងគ្រោះឈ្មោះ ខៀវ សុថា ប្រុសអាយុ៤៤ឆ្នាំ នៅភូមិសូភី២ សង្កាត់រតនៈ ដែលបានប្ដឹងចោទឈ្មោះ ប៉េ សីហា ពីរឿងខ្ចីម៉ូតូគាត់ ហើយស៊ីដាច់យកទៅបញ្ចាំ។

បើតាម ជនរងគ្រោះ ខៀវ សុថា បានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី ១៣ ឧសភា ឈ្មោះ ប៉េ សីហា បានខ្ចីម៉ូតូគាត់ជិះ ដោយប្រាប់ថា ទៅហូបអីមួយភ្លែត តែក្រោយបានម៉ូតូដល់ដៃ ជននេះបានជិះទៅរហូតបាត់ឈឹង ។គាត់បានបញ្ជាក់ថា ក្រោយមកទើបគាត់ដឹងថា ឈ្មោះ សីហា បានយកម៉ូតូគាត់ទៅបញ្ចាំនៅផ្ទះឈ្មោះ អ៊ូច សារ៉េន នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ទើបគាត់ដាក់បណ្ដឹងទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឲ្យជួយចាត់វិធានការតែម្ដង ។ លោក ឈឿង គឹមសុង បាននិយាយថា ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉េ សីហា លោកស្នងការ ដែលមានការឯកភាពពីតំណាងអយ្យការផង បានបញ្ជាឲ្យធ្វើការឆែកឆេរទីតាំងទទូលបញ្ចាំរបស់ឈ្មោះ អ៊ូច សារ៉េន រហូតរកឃើញម៉ូតូជាច្រើនគ្រឿង នៅក្នុងទីតាំងនេះ ដែលមានគ្មានឯកសារច្បាស់លាស់ ។ទីបញ្ចប់ ទាំងអ្នកខ្ចីម៉ូតូគេយកទៅបញ្ចាំ និងទាំងអ្នកទទូលបញ្ចាំ ត្រូវលោកស្នងការ និងលោកព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនទាំងអស់ និងត្រូវដកហូតម៉ូតូចំនួន៩គ្រឿង យកទៅរក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីធ្វើការស្រាវជ្រាវឯកសារពាក់ព័ន្ធ និង ស្វែងរកម្ចាស់។

បើតាមរបាយការណ៍សមត្ថកិច្ច ម៉ូតូដែលត្រូវដកហូតមាន ម៉ូតូម៉ាកហុងដាឌ្រីមចំនួន០៦គ្រឿង និង ម៉ូតូម៉ាកស្កុបពីចំនួន០៣គ្រឿង ។លោក ឈឿង គឹមសុង បានបញ្ជាក់ថា ម៉ូតូទាំង៩គ្រឿង ដែលត្រូវបានដកហូតនេះ គ្មានឯកសារបញ្ជាក់ច្បាស់លាស់ទេ ដែលម្ចាស់ទីតាំងឈ្មោះ អ៊ូច សារ៉េន ទទួលបញ្ចាំពីជនសង្ស័យក្នុងតំលៃថោកៗ តែការប្រាក់ខ្ពស់ស្មើនឹងពាក់កណ្ដាលនៃតំលៃបញ្ចាំ។ ទោះយ៉ាងណា ពេលនេះមន្រ្តីជំនាញ បានកសាងសំណុំរឿង បញ្ជូនទាំងអ្នកស៊ីដាច់ម៉ូតូគេយកទៅបញ្ចាំ ទាំងអ្នកទទូលផលចោរកម្ម ទៅប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព