បណ្តាញសង្គម

សមត្ថកិច្ច​ខណ្ឌទួលគោក​ ចាប់ខ្លួន​ស្ដ្រី​ម្នាក់ ករណី​ប្រើ​ហិ​.​ង្សា​លើ​កូនចិញ្ចឹម​អាយុ​៥​ឆ្នាំ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីប្រើដៃវា.យលើផ្ទៃមុខ និងប្រើដែកទំពួក សម្រាប់ព្យួរខោអាវវ៉ៃ លើក្មេងស្រីរងគ្រោះ ត្រូវជាកូនស្រីចិញ្ចឹមរបស់ខ្លួន ។

ករណីប្រើប្រាស់អំពើហិ.ង្សាលើកុមារី អាយុ៥ឆ្នាំ ប្រព្រឹត្តឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ហើយរឿងរ៉ាវនេះ ត្រូវបានគេយកមកបង្ហោះ ចែកចាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនស្ត្រីសង្ស័យ នាវេលាម៉ោងប្រហែល១១និង៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ចាន់ ធីតា ហៅធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះកើតហេតុដូចខាងលើ ។ ត្រូវជាម្តាយចិញ្ចឹមរបស់កុមារីរងគ្រោះ ដែលយកកុមារីរងគ្រោះមកបម្រើក្នុងផ្ទះ ឲ្យមើលថែកូន អាយុ២ឆ្នាំ ។

ចំណែកឯ កុមារីរងគ្រោះ អាយុ៥ឆ្នាំ មានម្ដាយង្កើតឈ្មោះ កេង សុភា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខែ្មរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ។ ចំណែកក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសំឡាញ់ ។

ពាក់ព័ន្ធនឹងអំពើហិ.ង្សានេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាត់ចំពោះការប្រព្រឹត្តិអំពើហិ.ង្សាដោយចេតនាយ៉ាងឃោ.រឃៅ ព្រៃ.ផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ កោតសរសើរ និងថ្លែងអំណរគុណចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ ។

ករណីនេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ ពិតជាមានក្តីរន្ធត់តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កំសត់នេះ ដែលទទួលរងគ្រោះដោយអំពើហិ.ង្សាយ៉ាងព្រៃ.ផ្សៃ អមនុស្សធម៌ ហើយយល់ឃើញថា អំពើនេះ បានរំលោ.ភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជា បានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃកម្ពុជា ។ ការប្រើអំពើហិ.ង្សានេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃ ក.ជ.ក ដែលជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នតុលាការ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹងបំផុត ចំពោះជនសង្ស័យនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមជាតិយើងបន្តទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព