បណ្តាញសង្គម

អាណិត​ណាស់! ក្មេង​តូច​ត្រូវ​ម្តាយ​រត់​ចោល​ ឪពុក​ត្រូវ​ចាប់​ខ្លួន​ទៀត​

ក្រោយពេលទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលបាត់ម៉ូតូ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលប៉ុស្តិ៍អូរតាវ៉ៅ សហការជាមួយនឹងនគរបាលប៉ុស្តិ៍ត្រែង បានចាប់ខ្លួនជនសង្ស័យលួចម៉ូតូ និងរកឃើញម៉ូតូ២គ្រឿង ។

ជាមួយនឹងការចាប់ខ្លួនជនសង្ស័យខាងលើនេះ ក្មេងប្រុសតូចម្នាក់ត្រូវជាកូនរបស់ជនសង្ស័យ ដែលម្តាយរត់ចោល ហើយទុកឱ្យរស់នៅជាមួយនឹងឪពុក លុះឪពុកលួចម៉ូតូគេ ហើយត្រូវនគរបាលចាប់ឃាត់ខ្លួននោះ កូនប្រុសក៏ត្រូវបានសមត្ថកិច្ចស្វែងរកគ្រួសារឱ្យគេទៅរស់នៅជាមួយ ។ការបង្ក្រាបករណីលួចម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ឹម វុទ្ធី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅជាមួយកូនប្រុសតូចម្នាក់ ព្រោះប្រពន្ធរត់ចោល តែគ្មានទីលំនៅច្បាស់លាស់ទេ ។

ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានដកហូត ម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ និងម៉ូតូយ៉ាម៉ាហា ស៊ីរូស១គ្រឿង ពណ៌ក្រហម គ្មានផ្លាកលេខ ។សូមបញ្ជាក់ថា ហេតុការណ៍បាត់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ក្រោយពីត្រូវចាប់ខ្លួន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។ តាមព័ត៌មានចុងក្រោយបានឱ្យដឹងថា សម្រាប់ក្មេងប្រុសជាកូនរូបនេះ មន្ត្រីប៉ូលិសបានប្រាប់ឱ្យដឹងថា មិនបានឱ្យទៅតាមឪពុកដែលជាប់ឃុំនៅពន្ធនាគារនោះទេ គឺបានប្រគល់ឱ្យជីដូនដែលរស់នៅចំណុចភ្នំអូរដំបង ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាង៉ោ ក្រុងប៉ៃលិន ៕

ដកស្រង់ពី៖ កោះសន្តិភាព