បណ្តាញសង្គម

រថយន្តវេអងដឹកធុងហ្គាស ជ្រុលចង្កូតបុករះផ្ទះប្រជាពលរដ្ឋ

រថយន្តវេអងដឹកធុងហ្គាសមួយគ្រឿង បើកល្បឿនជ្រុល ដល់ផ្លូវកោងរេចង្កូតបុករះតូប និងផ្ទះប្រជាពលរដ្ឋ អស់ជាច្រើនខ្នង ហើយរថយន្តនោះ ក៏បានក្រឡាប់ ក្បែរចិញ្ចើមផ្លូវជាតិលេខ៧៦ ជាប់នៅនឹងផ្ទះ ស្ថិតក្នុងភូមិចំបក់ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី វេលាម៉ោងជាង ១០ យប់ថ្ងៃទី៧ ខែសីហា មកដល់ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ រថយន្តដែលក្រឡាប់មិនទាន់ស្ទូច បាននៅឡើយទេ។

សមត្ថកិច្ច បានឲ្យដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើង ដោយរថយន្តវេអង ដឹកហ្គាស អ្នកបើករថយន្ត មិនដឹងលោតចេញ ឬកៀបជាប់ នៅក្នុងរថយន្តទេ ដោយសារតែផ្ទះ បាំងជិត មើលរថយន្តពុំចង់ឃើញ។ ម្យ៉ាងទៀត មេឃកំពុងបន្តធ្លាក់ភ្លៀង។ រថយន្តក្រឡាប់ម៉ាកវេអង ផ្លាកលេខ 3E ភ្នំពេញ.4191 ។ សមត្ថកិច្ច បានឲ្យដឹងទៀតថាៈ នៅក្នុងហេតុការណ៍នោះ ម្ចាស់តូបឈ្មោះ តឹក ម៉េងអឹង អាយុ ៣៥ ឆ្នាំ និងប្រពន្ធ ឈ្មោះ សម្បត្តិ ស្រីតូច អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ លក់ដូរ រងរបួសស្រាល ទាំងពីរនាក់។

ម្ចាស់តូបផ្សេងទៀត ឈ្មោះ ខាំ សុភាព ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ លក់ដូរ រងរបួសស្រាល ។ ប្អូនរស់ នៅជាមួយឈ្មោះ ខាំ សុភ័ណ្ឌ ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរ កសិករ រងរបួសស្រាល ។ ប្អូនរស់នៅជាមួយ ឈ្មោះ ហ៊ុន មូលីកា ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រងរបួសស្រាល ។ នៅព្រឹកថ្ងៃទី៨ ខែសីហា នេះ សមត្ថកិច្ចកំពុងរកវិធីស្ទូចរថយន្ត ចេញពីផ្ទះប្រជាពលរដ្ឋ ពីកន្លែងកើតហេតុ៕

ដកស្រង់ពី៖ រស្មីកម្ពុជា