បណ្តាញសង្គម

ឱ្យក្រាប​សំពះសុំទោសនិងសច្ចា​បញ្ឈប់​​នូវ​ទង្វើ​របស់​ខ្លួន​​ទៀត​

មុខសញ្ញាក្មេងទំនើងចំនួន២នាក់ក្នុងចំណោម៦នាក់ ត្រូវបាននគរបាលស្រុកកណ្ដៀងចាប់ខ្លួន ខណៈដែលពួកគេកំពុងជិះម៉ូតូចំនួន៣គ្រឿងធ្វើសកម្មភាពដេញវាយតប់គ្នានៅទីសាធារណៈយកមកអប់រំ ធ្វើកិច្ចសន្យា និងកោរសក់ក្រាបសំពះសុំទោស សច្ចាបញ្ឈប់សកម្មភាពនៅចំពោះមុខឪពុកម្ដាយ និងសមត្ថកិច្ច។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២ នៅលើបណ្ដោយផ្លូវកៅស៊ូលេខ១០១ ស្របមាត់ស្ទឹងពោធិ៍សាត់ត្រើយខាងលិច ត្រង់ចំណុចស្ពានថ្មបទពោធិ៍សុវណ្ណរង្សី ក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ លោក អ៊ុនស៊ី អធិការនគរបាលស្រុកកណ្ដៀងដឹងថា ជនសង្ស័យទី១-ឈ្មោះ វ៉ាត ស៊ីថា ភេទប្រុសអាយុ ១៩ ឆ្នាំ រស់នៅក្នុងភូមិបឹងក្រាញ់ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ទី ២-ឈ្មោះ ស៊ឹ សុផា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិ ពាលញែកពីរ សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់។

លោកអធិការបញ្ជាក់ឱ្យដឹងថា ស្របពេលដែលកម្លាំងរបស់លោកចុះល្បាត ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាននៅពេលយប់ស្រាប់តែជួបក្រុមក្មេងទំនើងចំនួន ៦ នាក់ជិះម៉ូតូចំនួន៣គ្រឿងប្រដេញវាយតប់គ្នានៅលើបណ្ដោយផ្លូវលេខ១០១ ស្របស្ទឹងពោធិ៍សាត់ត្រើយខាងលិច ចាប់ពីចំណុចស្ពានអាកាសផ្លូវក្រវ៉ាត់ក្រុងក្នុងទិសដៅពីត្បូងទៅជើង ។ ឃើញដូច្នេះ សមត្ថកិច្ចបានដេញចាប់ប្រផាប់ប្រភីងស្ទាក់ឃាត់ខ្លួនបានចំនួន២នាក់នៅត្រង់ចំណុចខាងលើ ចំណែក៤នាក់ផ្សេងទៀត បានជិះគេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខផងដែរ។

ដកស្រង់ពី៖ កោះសន្តិភាព