បណ្តាញសង្គម

កម្លាំងនគរបាល​​ប៉ុស្តិ៍​​ច្បារ​អំពៅ​២ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​ខ្សែ​ក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណីឆក់ខ្សែក ប្រព្រឹត្តនៅចំណុចមុខផ្ទះ១៦៨ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ។

ជនរងគ្រោះឈ្មោះដុង ធីឌែប ភេទ ស្រី អាយុ៧៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះ០៥F ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យឈ្មោះ ញ៉ែម យ៉ុម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន) ។

កន្លងមកជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន០៧ខែ ពីបទលួច ក្នុងឆ្នាំ២០១៩ ។ វត្ថុតាងដកហូត ៖ ម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JM-2201 ជារបស់ជនសង្ស័យ និងខ្សែក ជារបស់ជនរងគ្រោះ ។ ក្រោយការធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់ខ្សែក ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។ បច្នុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព