បណ្តាញសង្គម

នគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួនក្មេងៗ និងអ្នកទទួល ផលចោរកម្ម លួចទ្រព្យសម្បត្តិ ភ្ញៀវទេសចរ នៅតំបន់ ឆ្នេរអូរឈើទាល៧នាក់

ព្រះសីហនុ ៖ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលលេខ១ និងនគរបាល ប៉ុស្តិ៍លេខ៤ នៃអធិការដ្ឋាន នគរបាល ក្រុងព្រះសីហនុ សហការជាមួយ កម្លាំងនគរបាល ការិយាល័យកណ្តាល នគរបាល ព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ និងបង្ក្រាបអំពើលួច បង្កឡើងដោយ ក្មេងៗអាយុក្រោម ១៣ឆ្នាំ និងអ្នកទទួល ផលចោរកម្ម ចំនួន៧នាក់ (ក្មេងតូចៗ២នាក់) ដែលលួច ទ្រព្យសម្បត្តិ ពីភ្ញៀវ ទេសចរបរទេស នៅតំបន់ឆ្នេរ អូរឈើទាល ។

លោក កុល ផល្លី សុ្នងការរង នគរបាល និង ប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំងនេះ បានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ ពីស្រ្តីជនជាតិចិន នៅតំបន់ ឆ្នេរអូរឈើទាល ហើយត្រូវបាន ចាប់ខ្លួន កាលពីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ហើយបញ្ជូន ទៅតុលាការ នារសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥នេះ។

លោក កុល ផល្លី បានឲ្យដឹងទៀតថា ក្រោយមានករណី នេះកើតឡើង ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាឲ្យធ្វើការ ស្រាវជ្រាវ ជាបន្ទាន់ រហូតឃាត់ខ្លួន ជនសង្ស័យ ជាបន្តបន្ទាប់ ក្នុងនោះមានក្មេងៗ ចំនួន២នាក់ ផងដែរ ។

ស្នងការរង នគរបាលរូបនេះ បានបញ្ជាក់ថា ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួន ជាអ្នកទទួលផល ចោរកម្ម រួមមានទី១ ឈ្មោះ ម៉ី ហេង ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ ខន ចេម ភេទប្រុស អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ឈិន វិច្ឆ័យ ភេទប្រុស អាយុ២៩ឆ្នាំ ទី៤ឈ្មោះ ផាន់ ណារ៉ូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ លក់ទូរស័ព្ទ ទី៥ឈ្មោះ ឈុន វន្នី ភេទស្រី អាយុ៥៤ឆ្នាំ និងទី៦ ជាងថតរូប គេចខ្លួនបាត់ កំពុងតាមរកចាប់ ។

ដោយឡែក ស្រ្តីរងគ្រោះ មានឈ្មោះ ស៊ី យ៉ាងយៀង អាយុ២៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរ ទេសចរណ៍ ហើយសម្ភារ ដែលបាត់បង់ លុយ៧៣០$ ទូរស័ព្ទម៉ាក អាយហ្វូន១គ្រឿង នាឡិការដៃស្រី១ និងកាបូបស្ពាយ១ ។ ក្រោយការចាប់ខ្លួន សម្ភារដែលដកហូត បានរួមាន កាបូប ស្ពាយ១ លុយ២០០$ លុយ៣២ ០០០០រៀល ។

បើតាមលោកស្នងការរង ចំពោះជនសង្ស័យ ជាក្មេងៗ អាយុ១៣ឆ្នាំ ត្រូវបានលោកស្នងការ និងមានការឯកភាពពី តំណាងអយ្យការ បានប្រគល់ឲ្យ ឪពុកម្តាយធ្វើការ អប់រំបន្ត ហើយអ្នកទទួល ផលចោរកម្ម ទាំង៥នាក់ កំពុងបន្ត និតិវិធី បញ្ជូនទៅ តុលាការ៕

ដកស្រង់ពី៖ ដើមអម្ពិល