បណ្តាញសង្គម

ស្ត្រី​ម្នាក់​រង​ការ​ប្លន់​យក​ប្រាក់​១​ពាន់​ដុល្លារ​ពី​បុគ្គលិក​ធនាគារ​អេ​ស៊ី​លី​ដា​ និង​បក្ខពួក​

ខេត្តកណ្តាលៈ ស្ត្រីជាជាងកាត់ដេរ សម្លៀកបំពាក់ម្នាក់ បានរងនូវអំពើ ប្លន់យកប្រាក់ ពីបុគ្គលិកធនាគារ អេស៊ីលីដា និងបក្ខពួកម្នាក់ទៀត តែមិនបានសម្រេច ។

ករណីប្លន់យកប្រាក់ មិនបានសម្រេចនេះ បានកើតឡើង កាលពីវេលា ម៉ោង១៩ និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុង ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យមានគ្នា ២នាក់ ទី១-ឈ្មោះ ស៊ិន សុភា ហៅផានិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាបុគ្គលិកធនាគា អេស៊ីលីដា សាខាខេត្តតាកែវ មានទីលំនៅ ក្នុងភូមិអណ្តូង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ស ឆាង ហៅតាចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាសន្តិសុខក្រុមហ៊ុន CSN មានទីលំនៅ ក្នុងភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកឯ ស្ត្រីរងគ្រោះ ឈ្មោះ សុខ សុជាតិ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ ជាជាងកាត់ដេរ សម្លៀកបំពាក់ មានទីលំនៅក្នុង ភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាល ស្រុកអង្គស្នួល បានឲ្យដឹងថា រយៈពេលកន្លងមក ជនសង្ស័យឈ្មោះ ស៊ិន សុភា ហៅផានិត បានរាប់អានគ្នា ជាមួយជនរងគ្រោះ ហើយជនរងគ្រោះ ធ្លាប់បានពឹងពាក់ ឲ្យជនសង្ស័យ រត់ការធ្វើ ស្លាកលេខម៉ូតូ ថែមទៀត ។ មិនតែប៉ុណ្ណោះ ជនសង្ស័យ ធ្លាប់បានណែនាំ ជនរងគ្រោះ ឲ្យយកប្រាក់ដាក់ នៅធនាគារ អេស៊ីលីដា សាខាភ្នំពេញ ដើម្បីយកការប្រាក់ ទៀតផង ។

ការរាប់អានគ្នា និងពឹងពាក់គ្នានេះ បានដឹងដល់ បុរសជាប្តី ស្ត្រីរងគ្រោះ និង ប្រពន្ធជនសង្ស័យ ទៀតផង ។ លុះមកដល់វេលា រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ជនសង្ស័យឈ្មោះ ស៊ិន សុភា ហៅផានិត បានតេទូរស័ព្ទ ទៅរកជនរងគ្រោះសួរនាំ នៅឯងណា ? ពេលនោះ ជនរងគ្រោះ ក៏បានតបវិញថា នៅផ្សារដើមគរ រាជធានីភ្នំពេញ ។

ប្រភពដដែល បានបន្តថា ពេលឮថា ជនរងគ្រោះ នៅភ្នំពេញ ជនសង្ស័យ ក៏បានប្រាប់ ឲ្យជនរងគ្រោះ ចាំខ្លួនសុំជិះម៉ូតូ ទៅផ្ទះនៅឯ ខេត្តកំពង់ស្ពឺ ជាមួយផង បន្ទាប់ពីបាន ជួបគ្នាជនរងគ្រោះ ក៏បានប្រគល់ សោរម៉ូតូ ឲ្យជនសង្ស័យ ឌុបសំដៅទៅ ស្រុកកំណើត នៅឯខេត្តកំពង់ស្ពឺវិញ ។ លុះជិះដល់ ចំណុចកើតហេតុ ជនសង្ស័យបាន ឈប់ម៉ូតូ នៅក្បែរចិញ្ចើមផ្លូវ ហើយចុះទៅ បត់ជើងតូច ខណៈនោះ បក្ខពួករបស់គេ បានជិះម៉ូតូ ចូលទៅដណ្តើម កាបូបស្ពាយដាក់លុយ របស់ជនរងគ្រោះបម្រុងជិះ ម៉ូតូគេចខ្លួន ។

ពេលនោះ ជនរងគ្រោះ ក៏បានស្ទុះធាក់ ម៉ូតូជនសង្ស័យ ដួលធ្លាក់ទៅ ក្នុងប្រឡាយ ដោយសារតែ លើកម៉ូតូជិះ គេចខ្លួនមិនកើត ជនសង្ស័យក៏បាន រត់កាត់វាស្រែ បំណងគេចខ្លួន តែមិនបានសម្រេច ត្រូវបានជនរងគ្រោះ រត់តាមពីក្រោយ ស្រែកថា “ចោរៗ” ធ្វើឲ្យប្រជាពលរដ្ឋ ជាច្រើននាក់ ព័ទ្ធស្ទាក់ចាប់ខ្លួន ជនសង្ស័យ រួមជាមួយវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ចនគរបាល មូលដ្ឋានតែម្តង ។

ប្រភពដដែល បានបន្តទៀតថា ករណីខាងលើនេះ ជនសង្ស័យទាំង២នាក់ បានទំនាក់ទំនងគ្នា តាមទូរស័ព្ទ រៀបចំគម្រោងប្លន់ស្ត្រីរងគ្រោះ ជាមុន ។ ពេលមកដល់ គោលដៅដែលបាន ណាត់គ្នាហើយនោះ ក៏បានឈប់ម៉ូតូ ឲ្យបក្ខពួកចេញ មកប្លន់ ។ ពេលកំពុង ប្រតាយប្រតបគ្នានោះ ជនសង្ស័យឈ្មោះ ស៊ិន សុភា ហៅផានិត បានស្រែកទៅកាន់ ជនរងគ្រោះ ឲ្យប្រគល់កាបូប ឲ្យវាយទៅ (ឲ្យបក្ខពួក) ព្រោះវាមានកាំភ្លើង តែដោយសារ ជនរងគ្រោះ នៅមានស្មារតី មិនឃើញជនសង្ស័យ មានកាំភ្លើង ក៏ព្យាយាម ប្រតាយប្រតប ដណ្តើមយកកាបូប និង ធាក់ម៉ូតូជនសង្ស័យ ឲ្យដួល ស្រែកឲ្យប្រជាពលរដ្ឋ ជួយចាប់បានតែម្តង ។

នគរបាល ស្រុកអង្គស្នួល បានបញ្ជាក់ថា ពាក់ព័ន្ធករណី បង្ក្រាបឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ខាងលើនេះ សមត្ថកិច្ចបានដកហូត ម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FD-5926 ,កាបូបស្ពាយ ពណ៌សូកូឡា ចំនួន០១ នៅក្នុងកាបូប មានលុយចំនួន .០០០ដុល្លារ សហរដ្ឋអាមេរិក (ជារបស់ជនរងគ្រោះ) ទូរសព្ទដៃ ចំនួន០៣គ្រឿង និងម៉ូតូ ០១គ្រឿង ម៉ាកហុងដា គុបជ្រុង ធុនសេ៥០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ២៤០៧-ស.ន១ (ជារបស់ក្រុមជនសង្ស័យ) ៕

\

ដកស្រង់ពី៖ នគរវត្ត