បណ្តាញសង្គម

ព្រួតគ្នា ស្ទាក់វាយយុវជនម្នាក់ យកម៉ូតូ ត្រូវប៉ូលិស ចាប់បាន ៨នាក់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែត និងកម្លាំងផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ ៨នាក់ ទៅតុលាការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីជនសង្ស័យទាំងនេះ បានព្រួតគ្នា វាយយុវជនម្នាក់ យកម៉ូតូ។

ហេតុការណ៍នោះ បានកើតឡើង នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈកន្លងទៅ។ ជនរងគ្រោះម្នាក់ ឈ្មោះ ស៊ុយ ម៉ារ៉ាឌី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានរៀបរាប់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង ២១ និង ០០នាទី នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចខាងមុខមន្ទីរពេទ្យ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានជនសង្ស័យចំនួនពីរនាក់ ភេទប្រុស ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ បានជិះម៉ូតូដេញតាមខ្លួន តាំងពីចំណុចផ្លូវចូលដុងអារញ្ញ រហូតដល់ចំណុចកើតហេតុខាងលើ។

ខ្លួនក៏បានចាប់ហ្វ្រាំងម៉ូតូ ផ្ដួលនៅនឹងថ្នល់ជាតិ ក្រោយមកជនសង្ស័យទាំងពីរនាក់ បានឈប់ម៉ូតូហើយអ្នកជិះពីក្រោយ បានចុះពីលើម៉ូតូ ដែលដៃប្រុងដកអ្វីម្យ៉ាង។ យុវជនរងគ្រោះ បន្តថា ឃើញដូចនេះ ខ្លួនក៏រត់ចូលប្រឡាយ នៅខាងឆ្វេងដៃ បានប្រហែលមួយនាទី ខ្លួនក៏ឡើងមកលើថ្នល់វិញ ស្រាប់តែបាត់ម៉ូតូតែម្ដង។

រួចខ្លួន បានរត់ទៅការ៉ាសសាំងកូនដំរី ហើយរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយធ្វើអន្តរាគមន៍តែម្ដង។ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលផែនជំនាញ និងកម្លាំងប៉ុស្តិ៍ទាំង៥ បើកការស្រាវជ្រាវ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ ម៉ូតូ ៣គ្រឿង នៅកាស៊ីណូហ្គោដវ៉ើល ផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាន និងបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្ត។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងផែនជំនាញ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សួរនាំរួច បង្ហាញថា ជនសង្ស័យទាំង ៨នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព តាមវាយ និងបានយកម៉ូតូជនរងគ្រោះប្រាកដមែន។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព