បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ក្នុងចំណោមបក្ខពួក បីនាក់ ពាក់ព័ន្ធករណីមនុស្សឃាត គិតទុកជាមុន

ភ្នំពេញ៖ ជនសង្ស័យ ពីរនាក់ ក្នុងចំណោមបក្ខពួក បីនាក់ កាលពីវេលា ម៉ោង ៤ រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានកម្លាំងអធិការនគរបាល ខណ្ឌកំបូល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រិច ស្រុកអង្គស្នួល បានស្រាវជ្រាវ ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីមនុស្សឃាត គិតទុកជាមុន ។

ជនសង្ស័យទី១-ឈ្មោះ អី ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ ភូមិសំរោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី២-ឈ្មោះ មុំ សុម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មានស្នាក់នៅភូមិសំរោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល និងជនសង្ស័យទី៣-ឈ្មោះ ហីមស៊ូល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ ជីជីហ្វេសិន (គេចខ្លួន)។

ចំណែកជនរងគ្រោះ ឈ្មោះ ពុំ ឆេងលីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវបានជនល្មើសកាប់ បណ្តាលឲ្យរបួសធ្ងន់ ត្រង់កញ្ចឹង ក ខាងក្រោយ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ ហើយបច្ចុប្បន្ន ជនរងគ្រោះ នៅសម្រាកពេទ្យនៅឡើយ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥និង២៥នាទី រសៀល មានជនល្មើស បីនាក់ បានធ្វើសកម្មភាកាប់ ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ នៅចំណុចលើផ្លូវជាតិ លេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

ក្រោយកើតហេតុ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទោក បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឈានដល់ការបង្ក្រាបជនសង្ស័យ បានពីរ នាក់ ខាងលើ ក្នុងចំណោមបក្ខពួក បីនាក់។

ចំពោះមូលហេតុ សមត្ថកិច្ច បានឲ្យដឹងថា កើតឡើងដោយសារជនរងគ្រោះ ញ៉ែប៉ះចំ លើស្រីស្នេហ៍ របស់ឈ្មោះ ហីម ស៊ូល ទើបឈ្មោះ ស៊ូល ទូរស័ព្ទហៅជនសង្ស័យ ទាំងពីរនាក់ខាងលើ ឲ្យមកកាប់ជនរងគ្រោះតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា