បណ្តាញសង្គម

ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់ និង​ប្រើ​ហិ.ង្សា​លើ​មន្ត្រី​នគរបាល​ខណ្ឌមានជ័យ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ (រារាំងដល់ការអនុវត្តច្បាប់) និងប្រើអំពើហិង្សាដោយចេតនាមកលើសមត្ថកិច្ច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

បុរសខាងលើមានឈ្មោះ អី វណ្ណរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានមុខរបរ ជាបុគ្គលិកភោគនីយដ្ឋាន ត្រូវកម្លាំងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ ។

ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចក៏បានធ្វើតេស្តសារធាតុញៀន បុរសរូបនេះ គឺវិជ្ជមាន ទើបសមត្ថកិច្ចសម្រេច ចោទប្រកាន់ ចំនួន០៣ករណី រួមមាន ៖

១. ប្រឆាំងអ្នករាជការសាធារណៈ

២. ប្រើហឹង្សាដោយចេតនា

៣. ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។

មូលហេតុ នៃការឃាត់ខ្លួនបុរសរូបនេះ គឺដោយសារ ក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញល្បាតក្នុងភូមិសាស្ត្រខណ្ឌ ដូចសព្វដង លុះមកដល់ផ្លូវលំភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ នៅវេលាម៉ោង១២យប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏ប្រទះឃើញ ក្រុមក្មេងមានគ្នាចំនួន ៥នាក់ ជិះម៉ូតូ០២គ្រឿង ។

ពេលនោះ បន្ទាប់ពីឃើញក្រុមល្បាត ក្រុមក្មេងទាំងនោះ បានជិះម៉ូតូបំបែកគ្នា គេចចេញពីសមត្ថកិច្ច ភ្លាមនោះ សមត្ថកិច្ចបានធ្វើការបំបែកគ្នាប្រដេញ ដោយមួយក្រុមប្រដេញម៉ូតូឌ្រីមសង់ C125 រីឯមួយក្រុមទៀត បានធ្វើការប្រដេញម៉ូតូម៉ាក Scoopy រហូតដល់ចំណុច ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ដោយស្ថានភាពផ្លូវតូចចង្អៀត ក្រុមប្រដេញបានឃើញបុរសម្នាក់ កំពុងដើរទៅរយ៉ែឡាន ហើយក្រុមប្រដេញ ក៏បានចុចស៊ីផ្លេ និងស្រែកសុំផ្លូវ នៅពេលនោះ ក្រុមម៉ូតូ ពុំបានបុកបុរសនោះទេ គ្រាន់តែជិះឆាប ប៉ះជើងគាត់បន្តិចបន្តួចតែប៉ុណ្ណោះ ដោយពុំទាន់បានធ្វើការសុំទោស ដោយជាប់រវល់ ក្នុងការបំពេញភារកិច្ចតាមឃាត់ខ្លួនជនសង្ស័យ ។

បន្ទាប់មក សមត្ថកិច្ចក៏បានធ្វើការសុំទោស ក៏ប៉ុន្តែ ត្រូវបានក្រុមសាច់ញាតិរបស់បុរសនោះ ដែលកំពុងតែមានភាពស្រវឹងខ្លាំង និយាយមិនស្តាប់គ្នា ថែមទាំងហក់មកវាយ និងធាក់មកលើសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ច ព្រមទាំងបានធ្វើការរារាំងមិនឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទេ (ដោយមានភ្ជាប់ជាមួយនូវវីដេអូភាពស្រវឹង កាយវិការប្រមាថមើលងាយ និងរារាំងសមត្ថកិច្ច) ។

បច្ចុប្បន្ន បុរសខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព