បណ្តាញសង្គម

មេខ្យល់ជនជាតិថៃ គឺជាឃាតកដៃដល់ ប្លន់សំលាប់ស្ត្រីពលករខ្មែរម្នាក់ នៅព្រំដែននាស្រុកអូរជ្រៅ-ណូនម៉ាក់មុន

បន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាលផែនការងារព្រំដែន នគរបាលការពារព្រំដែនគោក វរសេនាតូចលេខ៩១១ ការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នគរបាលស្រុកអូរជ្រៅ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការនឹងនគរបាលការពារព្រំដែន នគរបាលដែនដីភាគីថៃ នៅស្រុកគោកធ្យូង ខេត្តស្រះកែវ នៅថ្ងៃទី៥ ខែមីនាឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យដៃដល់ម្នាក់ ដែលបានប្លន់សម្លាប់ស្ត្រីពលករខ្មែរម្នាក់នៅច្រករបៀង នៃព្រំដែន នាស្រុកអូរជ្រៅ-ណូនម៉ាក់មុន។ ឃាតក គឺជាមេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ ។

នេះបើតាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតរស្មីកម្ពុជា នៅល្ងាចថ្ងៃទី៥ខែមីនាឆ្នាំ២០២៣ ។

លោកបានបន្តថាៈ “ដោយមានជំនាញប៉ិន ប្រសប់ និងមានកិច្ចសហប្រតិបត្តិការល្អ ទើបកងកម្លាំងកម្ពុជា និងថៃ ព្រមទាំងអ្នកសហការពាក់ព័ន្ធ ស្រាវជ្រាវឈានដល់ចាប់ខ្លួនជនសង្ស័យ ដៃដល់បាន ” ។

ចំណែក លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងទទួលផែនការងារព្រំដែន ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតរស្មីកម្ពុជាដែរថាៈ សមត្ថកិច្ចនៃភាគីទាំងពីរ បាននឹងកំពុងសម្របសម្រួលនីតិវិធី ក្នុងការសួរចម្លើយជនសង្ស័យ និងនីតិវិធីបញ្ជូនមកប្រទេសកម្ពុជា ។

យោងសមត្ថកិច្ច បានបង្ហើបថាៈ ជនសង្ស័យមានឈ្មោះ ហុង ខាវសិរីវេត (ហៅហុង) ភេទប្រុស អាយុ៥១ឆ្នាំ ជាមេខ្យល់ជនជាតិថៃ រស់នៅភូមិណាំគៀង ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។

សូមរំលឹកថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤និង២០នាទីរសៀល កងល្បាតទី៣ កងការពារព្រំដែនលេខ៥០៣ – អូរបីជាន់ បានប្រទះឃើញសពស្ត្រីពលករខ្មែរម្នាក់ នៅចំណុចក្នុងព្រៃចំការមីនព្រំដែន ខាងលិចទំនប់ក៥ ពីផ្លូវជាតិលេខ៥៨ ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ដបន្ទាយមានជ័យ គឺទល់មុខថ្នល់ខ្មៅថៃ ភូមិអាងសិលាថៃ ឃុំណូនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ។

តាមការស្រាវជ្រាវ ទើបដឹងថា ជនរងគ្រោះ មានឈ្មោះ ស្វៃ សុភត្រ្តា អាយុ ៣៨ ឆ្នាំ ទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ការពិនិត្យ និងធ្វើកោសល្យវិច្ច័យ ឃើញថា សាកសពរងការបួសផ្នែកក្បាល: បែកក្បាលពីក្រោយ បែកលើចិញ្ចើម១២ ក្រោមច្រមុះ៤ ស.ម ក្រោមចង្កា៧ស.ម.។

បើតាមការបំភ្លឺរបស់ឈ្មោះ ពេជ្រ រត្នន: អាយុ១៧ឆ្នាំ ត្រូវជាកូនប្រុសបង្កើតរបស់ស្ត្រិរងគ្រោះ បានប្រាប់ថា: នៅវេលាប្រហែលម៉ោង ៩និង៣០ នាទី ម្តាយរបស់គាត់មកដល់ចំណុចផ្សាររោងគ្លឿ ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវប្រទេសថៃ រួចបានបែកគ្នា។

មូលហេតុ ម្តាយរបស់ខ្លួន មានប៉ាស្ព័រ (លិខិតឆ្លងដែន) តែផុតថ្ងៃកំណត់សុពលភាព ក៏សម្រេចចូលមកកម្ពុជាវិញ តែបានដើរតាមច្រកផ្លូវកាត់ (ច្រករបៀង)។ ចំណែកខ្លួនជាកូន មានប៉ាស្ព័រ ក៏បានបោះត្រាចូលមកផ្លូវត្រង់ ច្រកទ្វារអន្តរជាតិខ្លងលឹក- ប៉ោយប៉ែត.។ លុះដល់ម៉ោងប្រហែល ១៤និង :២០ នាទី រសៀលថ្ងៃដដែល ទើបដឹងថា ម្តាយខ្លួនស្លាប់ ៕

ដកស្រង់ពី៖រស្មីកម្ពុជា