បណ្តាញសង្គម

ចាប់​ក្មេង​ទំនើង​៣​នាក់ ប្រើ​ជំ​ពាម​កៅស៊ូ​បា​.​ញ់​គ្រាប់​ដែក បំបែក​កញ្ចក់​រថយន្ដ​អ្នកដំណើរ នៅ​ស្រុក​ឱ​រ៉ា​ល់

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានចាប់ឃាត់ជនសង្ស័យចំនួន៣នាក់ បញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោយពីក្រុមក្មេងទំនើងទាំងនេះ ប្រើជំពាមកៅស៊ូ បាញ់គ្រាប់ដែក និងគ្រាប់ថ្ម ទៅលើរថយន្ដអ្នកដំណើរ បណ្ដាលឲ្យបែកកញ្ចក់ ។

កម្លាំងនគរបាលបានឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើនេះ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤៤ ត្រង់ចំណុចគីឡូម៉ែត្រ ៣៦-៣៧ ។

ប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលចាប់ឃាត់ខ្លួន កម្លាំងនគរបាល ទទួលបានព័ត៌មានថា មានក្រុមក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាព ជិះម៉ូតូគប់ និងប្រើជំពាមកៅស៊ូ បាញ់គ្រាប់ដែកលើរថយន្ដអ្នកដំណើរ ដែលកំពុងតែបើកបរលើផ្លូវជាតិលេខ៤៤ ។

ក្រោយពីទទួលបានព័ត៌មានរួចមក កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានជិះល្បាត និងពួនស្ទាក់ នៅចំណុចភូមិសាស្ដ្រ ផ្លូវជាតិលេខ៤៤ ត្រង់ចំណុចគីឡូម៉ែត្រ ៣៦-៣៧ ក៏ប្រទះឃើញមុខសញ្ញាសង្ស័យមួយក្រុម កំពុងជិះម៉ូតូ២គ្រឿង រួមមាន ៖ ម៉ូតូម៉ាកអ៊ិចស៊ីទ័រ ពណ៌ខៀវ គ្មានស្លាកលេខ ជិះគ្នាពីរនាក់ និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1I-4633 ជិះម្នាក់ឯង ។

សមត្ថកិច្ច ក៏បានឃាត់សាកសួរ និងក្រោយពីត្រួតពិនិត្យឆែកឆេរ រកឃើញឧបករណ៍សម្ភារ រួមមាន៖ កូនកាំបិតចុងស្រួច និងជំពាមកៅស៊ូ ចំនួន២ គ្រាប់ជំពាម ៤គ្រាប់ និងដុំថ្ម ច្រកថង់ ។ ជនសង្ស័យចំនួន៣នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួនរួមមាន

៖ ១. ឈ្មោះ សុខ រឹម ភេទប្រុស អាយុ ២០ឆ្នាំ ២. ឈ្មោះ ណាង ចិន្ដា ភេទប្រុស អាយុ ១៩ឆ្នាំ ៣. ឈ្មោះ វ៉េត សាវិន ភេទប្រុស អាយុ ១៩ឆ្នាំ ។ អ្នកទាំង៣នាក់ មានទីលំនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពនៅចំពោះសមត្ថកិច្ចថា ពួកខ្លួន ពិតជាបានធ្វើសកម្មភាព បាញ់គ្រាប់ជំពាមទៅលើរថយន្តអ្នកដំណើរ ពិតប្រាកដមែន លើសពីនោះ ពួកខ្លួនធ្វើសកម្មភាពច្រើនលើក ច្រើនសារមកហើយ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្ដនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព