បណ្តាញសង្គម

ចាប់ខ្លួន​បុរស​ម្នាក់ ក្នុង​ចំណោម​២​នាក់ ក្រោយ​ត្រូវ​បុរស​ស្រី​២​នាក់​ដេញ​តាម​ក្រោយ​រួច​ស្រែក​ផ្អើល

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង បោះពួយយ៉ាងលឿន ខណៈពេលដែលមានគេជិះដេញតាមពីក្រោយ រួចស្រែកថា «ចោរៗ» ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ជិះម៉ូតូជ្រុលទៅបុករថយន្តដែលឈប់ចតចោល បណ្ដាលដួលតែម្តង។ ភ្លាមៗនោះ ជនសង្ស័យម្នាក់បានងើបរត់ឡើងម៉ូតូបក្សពួករត់គេចខ្លួនបាត់ស្រមោល និងម្នាក់ទៀតរត់មិនរួច ក៏ត្រូវសន្តិសុខចាប់បាន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចជាប់អគារវឌ្ឍនៈ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១០២ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JA-6106 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿនទៀតផង។ ស្របពេលនោះដែរ ក៏មានបុរសនារីចំនួន២នាក់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ជិះដេញតាមពីក្រោយ និងស្រែកថា «ចោរៗ» ដោយមិនដឹងថា តើជាករណីអ្វីអោយពិតប្រាកដនោះទេ0x017d7។

 ប្រភពដដែលបន្តថា លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យនោះក៏បានបត់ស្ដាំទៅផ្លូវ១០២ ក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល2-2089 ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតក្រពឹតផ្នែកខាងក្រោយ ចំណែកឯឆ្វេង។ រីឯម៉ូតូជនសង្ស័យវិញ ក៏បានដួលរងការខូចខាតបន្តិចបន្តួចផងដែរ។

 ប្រភពដដែលបន្តទៀតថា ខណៈពេលនោះ ជនសង្ស័យម្នាក់ដែលជាអ្នករួមដំណើរពីក្រោយ ក៏បានងើបរត់ឡើងជិះម៉ូតូរបស់បក្សពួកមួយគ្រឿងទៀត រត់គេចខ្លួនបាត់ស្រមោល។ ចំណែកឯជនសង្ស័យម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូក៏ព្យាយាមងើបរត់ចោលម៉ូតូបានប្រមាណ២០០ម៉ែត្រចេញពីកន្លែងកើតហេតុ តែក៏ត្រូវបានសន្តិសុខដែលយាមនៅអគារវឌ្ឍនៈ ចាប់ឃាត់ខ្លួនយកមកវិញ។

ដោយឡែក បុរសនិងនារីដែលជិះដេញតាមពីក្រោយជនសង្ស័យនោះ ក៏បានជិះម៉ូតូដេញតាមជនសង្ស័យដែលរត់ឡើងជិះម៉ូតូបក្សពួកនោះជាបន្តទៀតបាត់ទៅ។ បន្ទាប់មក ក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។

 ក្រោយមក ជនសង្ស័យដែលត្រូវសន្តិសុខឃាត់ជាប់នោះ បានឆ្លើយប្រាប់មូលហេតុដែលខ្លួនរត់ចោលម៉ូតូថា «ខ្លួនត្រូវគេដេញវា.យ ទើបខ្លួនរត់ចោលម៉ូតូ» និងបាននិយាយថា «មកពីខ្លួនជិះលឿនពេក ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបរបស់គេ ដែលមានតម្លៃថ្លៃ ទើបភ័យពេក ហើយក៏រត់ចោលម៉ូតូតែម្តង»។

ក្រោយពេលកើតហេតុ ជនសង្ស័យ និងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីធ្វើសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

 ដកស្រង់ពី៖កោះសន្តិភាព