បណ្តាញសង្គម

​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ចោរ​គាស់​ផ្ទះ​​នៅឡើយទេ​​មកទល់ពេលនេះ​

ខេត្តបាត់ដំបង ៖ រយៈពេល០៣ថ្ងៃហើយ សមត្ថកិច្ចពុំទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យ ដែលគាស់លំនៅឋានអ្នកលក់ត្រីចូលលួចគ្រឿងអល័ង្ការ និងប្រាក់អស់ច្រើនក្រាស់ក្រែល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំនៅឡើយទេ តែមន្ត្រីជំនាញកំពុងបន្តការស៊ើបអង្កេតរបស់ខ្លួននៅឡើយ ។

នេះបើតាមការឲ្យដឹងពីលោកអធិការស្រុក នៅព្រឹកថ្ងៃទី២៨ មីនា ។លោក ឡុង យោធាវីរៈ អធិការស្រុកឯភ្នំបានឲ្យដឹងថា ពេលនេះ យើងមិនទាន់មានតម្រុយពីមុខសញ្ញាជនប្រព្រឹត្តទេ តែមន្ត្រីជំនាញបាននិងកំពុងបន្តនីតិវិធីសាកសួរគ្រួសារជនរងគ្រោះ និងសាក្សីនានានៅឡើយ ។

លោកបានប្រាប់ថា ម្ចាស់ផ្ទះពុំបានដឹងអំពីរឿងនេះទេ បើទោះជាកូនស្រីគាត់ដេកនៅក្នុងបន្ទប់ខាងក្នុងក្ដី ព្រោះគាត់បានងើបពីយប់ដឹកត្រីទៅលក់នៅឯផ្សារ តែអ្នកជិតខាងបានដឹងនៅពេលព្រឹកព្រលឹម រួចក៏ផ្ដល់ព័ត៌មានទៅម្ចាស់ផ្ទះ ទើបមានការភ្ញាក់ផ្អើលតែម្ដង។សេចក្ដីរាយការណ៏បានឲ្យដឹងថា មានជនមិនស្គាល់មុខ បានគាស់ផ្ដាច់សោទ្វារផ្ទះមួយកន្លែង នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំដែលគេសន្និដ្ឋានថា អាចកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៦ មីនា ក្រោយពេលម្ចាស់ផ្ទះឈ្មោះ តឿន សាវ័ន្ត ភេទប្រុស អាយុ៥០ឆ្នាំ ជាមួយនិងភរិយាគាត់ ងើបដឹកត្រីយកទៅលក់នៅផ្សារផុតបន្តិច ខណៈកូនស្រីគាត់កំពុងដេកលក់នៅក្នុងបន្ទប់នៅឡើយ ។

តាមការស្រង់សំដីពីសមត្ថកិច្ច គឺជនរងគ្រោះមិនបានដឹងរឿងគេគាស់ផ្ទះពីដំបូងទេ ។ប៉ុន្តែនៅម៉ោងប្រមាណ៨ព្រឹកថ្ងៃដដែល អ្នកក្បែរខាងដែលមើលឃើញស្នាមគាស់ទម្លុះទម្លាយទ្វារ ទើបមានការសង្ស័យក៏ទូរស័ព្ទសួរនាំម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះមកមើលទើបមានការភ្ញាក់ផ្អើលតែម្ដង ដោយសារត្រូវចោរចូលរើកកាយលួចយកទ្រព្យសម្បត្តិអស់គ្មានសល់ពីក្នុងផ្ទះ ។

យោងតាមរបាយការណ៍សមត្ថកិច្ច ដែលកោះសន្តិភាពទទួលបានទ្រព្យសម្បត្តិរបស់ជនរងគ្រោះដែលបាត់បង់រួមមានខ្សែកមាស០២ខ្សែទម្ងន់១, ៦តំឡឹង, ខ្សែដៃមាស០២ខ្សែទម្ងន់១, ៣តំឡឹង, ចិញ្ចៀនមាន០២វង់ទម្ងន់០៤ជី, ក្រវិលមាន០២គូទម្ងន់០២ជី និងប្រាក់ខ្មែរចំនួន៩លានរៀល ។

ប៉ុន្តែនៅមានគ្រឿងអល័ង្ការប្រាក់ខ្មែរ ប្រាក់បាត និងប្រាក់ដុល្លារមួយចំនួនទៀតដែលនៅសេសសល់ពីដៃចោរ ដែលទំនងចោររកមិនឃើញ ។បើតាមសមត្ថកិច្ចបាននិយាយថា មានចោរគាស់ផ្ទះចូលលួចយកមាសប្រាក់ជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្ដឹងភ្លាមៗទៅកាន់សមត្ថកិច្ចទេ លុះនៅព្រឹកថ្ងៃទី២៧ មីនា ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអធិការស្រុកឯកភ្នំ ។

ក្រោយទទួលបានបណ្ដឹង សមត្ថកិច្ចក៏បានចុះពិនិត្យកន្លែងកើតហេតុ និងសួរនាំក្រុមគ្រួសារជនរងគ្រោះ រួមទាំងសាក្សីផង ។ ពេលនេះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត តែហាក់គ្មានតម្រុយពីមុខសញ្ញាជនសង្ស័យនោះឡើយទេ។

សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី១៧ មីនា ជនមិនស្គាល់មុខបានធ្វើសកម្មភាពគាស់ហាងលក់ទូរស័ព្ទមួយកន្លែងយីហោ «រឿន រ៉ូហ្សា» ស្ថិតនៅភូមិកំប្រ៉ង់ ឃុំតាក្រី ស្រុកកំរៀង ប្រមូលលួចយកទូរស័ព្ទគ្រប់ប្រភេទអស់ចំនួន៦០គ្រឿង និងដុំសាកថ្មមួយចំនួនទៀត ខណៈពេលម្ចាស់ហាងមានធុរៈបិទទ្វារទុកចោលមួយកំណាត់ថ្ងៃ ។

ម្ចាស់ហាងលក់់ទូរស័ព្ទនេះបានប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ គាត់និងប្រពន្ធជាប់រវល់ទៅចូលរួមពីធីភ្ជាប់ពាក្យបងប្អូនតាំងពីព្រឹក លុះត្រឡប់មកវិញពេលរសៀល ក៏ជួបនូវរឿងអកុសលបែបនេះតែម្ដង ។

ជុំវិញអំពើចោរកម្មលួចយកទូរស័ព្ទរាប់សិបគ្រឿងខាងលើនេះ សមត្ថកិច្ចស្រុកកំរៀង ហាក់ស្ងាត់ឈឹងដូចចោរលួចសេះ អំពីការស៊ើបអង្កេតស្វែងរកមុខសញ្ញាជនដៃដល់ ។ ប៉ុន្តែលោក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំកិច្ចការងារ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានអះអាងថា «លោកកំណត់បានហើយ នូវមុខសញ្ញាជនសង្ស័យដែលគាស់ហាងទូរស័ព្ទខាងលើនេះ» ។

លោកស្នងការរងបានបញ្ជាក់ថា លោកស្នងការខេត្តបានបញ្ជាឲ្យលោកដឹកនាំកម្លាំងជំនាញចុះស៊ើបអង្កេតលើករណីនេះ ហើយពេលនេះ យើងមានតម្រុយពីមុខសញ្ញាជនដៃដល់ហើយ ដែលយើងកំពុងតាមប្រមាញ់ ។

ប៉ុន្តែឈឿង គឹមសុង ក៏បានបញ្ជាក់ប្រាប់ផងដែរ អំពីករណីចោរគាស់ផ្ទះអ្នកលក់ត្រីនៅស្រុកឯងភ្នំខាងលើថា រហូតដល់ពេលនេះ លោកពុំទាន់ទទូលបានរបាយការណ៏ណាបន្តិច ពីអធិការស្រុកឯកភ្នំនៅឡើយទេ ព្រោះពុំមានអ្នករាយការណ៏៕

ដកស្រង់ពី៖កោះសន្តិភាព