បណ្តាញសង្គម

កម្លាំង​នគរបាល​ក្រុង​សំរោង នាំខ្លួន​ក្មេង​ទំនើង​១៥​នាក់ មក​អប់​រំ ករណី​វា​.​យ​គ្នា

ខេត្តឧត្តរមានជ័យ ៖ កម្លាំងជំនាញ បានឃាត់ខ្លួនក្រុមក្មេងទំនើង បានចំនួន១៥នាក់ នាំមកធ្វើការសាកសួរ និងធ្វើការអប់រំ នៅអធិការដ្ឋាននគរបាលក្រុងសំរោង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល១០និងង៣០នាទីយប់ថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចភូមិរំដួលវាសនា សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមកថា មានកើតករណី ក្រុមក្មេងទំនើងដេញវាយតប់គ្នាបង្កឡើងដោយក្រុមក្មេងទំនើង ០១ក្រុម មានគ្នារហូតដល់១៥នាក់ មកពីភូមិបន្សាយរាក់ និងភូមិសំបួរមាស បានធ្វើសកម្មភាពបង្ករឿង និងដេញវាយទៅលើជនរងគ្រោះឈ្មោះ គឹម សៃ ហៅបឺត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ ដែលកំពុងរាំលេងនៅក្នុងកម្មវិធីមង្គលការមួយកន្លែង នៅភូមិរំដួលវាសនា រួចមក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាផ្ទាល់ទៅលោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង ដឹកនាំកម្លាំងជំនាញ ចុះពិនិត្យនឹងធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាបាន នឹងធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ រហូតដល់ចំនួន១៥នាក់ ដើម្បីយកមកធ្វើការសាកសួរភ្លាមៗ ហើយចាត់ការទៅតាមនីតិវិធី ។

នៅល្ងាចថ្ងៃទី២៧ ខែមីនា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចុះទៅផ្ទាល់ដល់អធិការដ្ឋានក្រុងសំរោង ហើយធ្វើការអប់រំណែនាំ នឹងជួបអាណាព្យាបាលរបស់ក្រុមក្មេងទំនើងទាំង១៥នាក់នោះ នឹងបានហាម ថ្ងៃក្រោយកុំឲ្យមានប្រព្រឹត្តសកម្មភាពទាំងនេះ បន្តទៅទៀត ។

លោកស្នងការ បានបញ្ជាក់ប្រាប់ថា ចាប់តាំងពីថ្ងៃនេះតទៅ រាល់បទល្មើសទាំងឡាយណា ដែលកើតមានឡើងដូចជាបញ្ហាក្មេងទំនើងនេះ គ្រប់បណ្តាប៉ុស្តិ៍ អធិការក្រុង-ស្រុកទាំង៥ គឺមិនអនុញ្ញាតឲ្យកើតមានជាដាច់ខាត ប្រសិនជាមានកើតមាន សមត្ថកិច្ចត្រូវតែធ្វើការបង្ក្រាបឲ្យខានតែបាន ។

នៅចំពោះមុខ ដោយមើលឃើញថា ចំពោះករណីនេះក្រុមក្មេងទំនើងទាំង១៥នាក់ ខាងលើនេះការប្រព្រឹត្តទៅលើជនរងគ្រោះ ពុំមានរបួសស្នាម ហើយជាបទល្មើសមិនធំដុំនោះ លោកស្នងការ ក៏បានចាត់ចែងឲ្យលោកអធិការក្រុងសំរោង គ្រាន់តែធ្វើការណែនាំពួកគាត់សិន បើលើកក្រោយ បើសិនជាសមត្ថកិច្ចចាប់បានពួកគាត់មុខដដែលទៀត គឺត្រូវអនុវត្តបញ្ជូនទៅកាន់តុលាការ មិនលើកលែងទៀតឡើយ ។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ១៥នាក់ខាងលើ រួមទាំងវត្ថុតាងដែលដកហូតបានមានម៉ូតូចំនួន ៦គ្រឿងផងដែរនោះ ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើកំណត់ហេតុធ្វើការអប់រំ ចុះកិច្ចសន្យាធានា ពីអាណាព្យាបាលដើម្បីមកធានាយកទៅលំនៅឋានវិញផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព