បណ្តាញសង្គម

កម្លាំងចម្រុះបន្តចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ ដើម្បីបង្ការទប់ស្កាត់បទល្មើសនានា

ស្វាយរៀង: លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យBLO បាវិត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត កាលពីព្រលប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះបានបន្តដឹកនាំកម្លាំងចម្រុះចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ១៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិបាវិតគឺនៅខាងមុខផ្សារអន្តរជាតិតែម្តង ដើម្បីបង្ការទប់ស្កាត់បទល្មើសឆ្លងដែនពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់។

សមាសភាពចូលរួមមាន លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត លោកស្នងការរងនគរបាលខេត្ត កម្លាំងនគរបាលក្រុង កងរាជអាវុធហត្ថក្រុងជាច្រើននាក់ផងដែរ។ លោកអភិបាលរងខេត្តបានឱ្យដឹងថាគោលបំណងនៃការចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យនៅតាមបណ្ដោយផ្លូវជាតិលេខ១នេះមានបំណងដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាចែកចាយចរាចរណ៍គ្រឿងញៀននៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជានិងវៀតណាម។

សូមរម្លឹកផងដែរថា សម្រាប់ប្រទេសកម្ពុជាយើងមាត់ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ ដែលត្រូវធ្វើលំហាត់ល្បាតនេះគឺទី១ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ,ទី ២ មាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង,ទី ៣ មាត់ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំខេត្តកណ្ដាលនិងទី ៤ មាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពត។ ចំណែកខាងភាគទីវៀតណាមក៏ធ្វើដូចគ្នាផងដែរដើម្បីទប់ស្កាត់ការចរាចរណ៍ជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ៕

ដកស្រង់ពី៖រស្មីកម្ពុជា