បណ្តាញសង្គម

សមត្ថកិច្ចចម្រុះ បង្ក្រាបក្រុមអ្នកប្រមាញ់ ដែលចូលទៅបរបាញ់សត្វព្រៃ ក្នុងដែនសហគមន៍ ត្រពាំងក្រើញ

កំពង់ស្ពឺ៖ សមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការ ឡោមព័ទ្ធ ក្រុមអ្នកប្រមាញ់ប្រដាប់ដោយអាវុធ ដែលចូលទៅបរបាញ់សត្វព្រៃ ក្នុងដែនសហគមន៍ ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ១ រំលងអធ្រាត្រ ចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ លោកអនុសេនីយ៍ឯក ច័ន្ទ កក្កដា មន្ត្រីអង្គភាពអាវុធហត្ថស្រុកថ្ពង បានឱ្យដឹងថា កម្លាំងចម្រុះដែលចុះប្រតិបត្តិការបង្ក្រាប ក្រុមបរបាញ់សត្វព្រៃនេះ មានកម្លាំង អង្គការបង្ក្រាបបទល្មើសសត្វព្រៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្នែករដ្ឋបាល ព្រៃឈើឱរ៉ាល់ កម្លាំងនគរបាលស្រុកថ្ពង និងកម្លាំងសហគមន៍ព្រៃឈើ។

មន្ត្រីអាវុធហត្ថរូបនេះ បានបន្តថា ក្រោយទទួលបានព័ត៌មានថា មានរថយន្ត មួយគ្រឿង តែងតែបើកចូលទៅក្នុងព្រៃសហគមន៍ ខាងលើ ដើម្បីបរបាញ់ សត្វព្រៃ កម្លាំងចម្រុះ ក៏បានឃ្លាំមើលរហូតឈានដល់ ការបង្ក្រាបតែម្តង។ តែសង្ស័យក្រុមប្រមាញ់ទាំងនោះ ដឹងខ្លួនមុន ក៏បានគេចខ្លួនចូលព្រៃ បាត់ ស្រមោល ពេលដែលសមត្ថកិច្ច ចុះទៅដល់ ដោយបន្សល់ទុករថយន្តមួយគ្រឿង នៅនឹងកន្លែង។

សមត្ថកិច្ចចម្រុះ បានរឹបអូសយករថយន្តនោះ ហើយបានឆែកឆេររកឃើញ វត្ថុតាងជាច្រើន ដែលបន្សល់នៅក្នុងរថយន្ត មានគ្រាប់កាំភ្លើង M16 ចំនួន ២៥ គ្រាប់, បង់១គ្រាប់ កាលីធូ ចំនួន ១៣គ្រាប់, គ្រាប់វ៉ាំងឌឺឡុង ចំនួន ៤៥ គ្រាប់, គ្រាប់កាំភ្លើងខ្យល់ មួយប្រអប់, អត្តញ្ញាណប័ណ្ណ ២ សន្លឹក, ប័ណ្ណបើកបរ មួយសន្លឹក, កាត ABA មួយសន្លឹក, កាតចាក់វ៉ាក់សាំង មួយសន្លឹក, សាម៉ែលឆ្លុះចំនួនមួយ, ស្រោមប្រអប់កាំភ្លើង M16 ចំនួន១ និងកូនសោរមួយចង្កោម។

ក្រោយឆែកឆេរ និងពិនិត្យរួចរាល់ វត្ថុតាងទាំងអស់ ត្រូវបានប្រគល់ទៅឱ្យ ផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ដើម្បីបន្តនីតិវិធី។ សូមបញ្ជាក់ថា ព្រៃសហគមន៍ត្រពាំងក្រើញ នៃឃុំប្រាំបីមុំ មានសត្វព្រៃជាច្រើន ប្រភេទ រស់នៅក្រោមការការពារ និងអភិរក្ស ពីក្រុមសហគមន៍ប្រាំបីមុំ ក្នុងនោះ សត្វកម្រ និងជិតផុតពូជ ក៏មាននៅក្នុងព្រៃសហគមន៍នេះដែរ។

បច្ចុប្បន្ន សត្វក្នុងព្រៃសហគមន៍ត្រពាំងក្រើញ កំពុងរងនូវការយាយី ពីពួកព្រានព្រៃ ទាំងការបរបាញ់ និងដាក់អន្ទាក់ ដើម្បីយកសាច់ មកលក់លើទីផ្សារ។ ទន្ទឹមនឹងការយាយីនេះ ក្រុមសហគមន៍ បានសម្តែងនូវការព្រួយបារម្ភ ពីការផុតពូជ សត្វព្រៃកម្រ ពីព្រៃសហគមន៍ត្រពាំងក្រើញ នាពេលអនាគត ខណៈការបរបាញ់ និងដាក់អន្ទាក់ មានការកើនឡើង រួមទាំងព្រៃឈើសហគមន៍ កាន់តែរួមតូច តាមរយៈការកាប់រានយកឈើទៅលក់ និងយកដីកាន់កាប់ពី សំណាក់អ្នកមានលុយ និងមានអំណាច៕

ដកស្រង់ពី៖រស្មីកម្ពុជា